ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ (ទី២៨ ខែមេសា) នេះ បានលើកឡើងថា ខ្លួនកំពុងរង់ចាំការផ្ដល់សញ្ញាពីអ៊ុយក្រែនទាក់ទងនឹងឆន្ទៈរបស់ទីក្រុងគីវ ក្នុងការរៀបចំកិច្ចចរចាដោយផ្ទាល់ ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខ្លួនមិនទាន់ឃើញសញ្ញាណាមួយលេចឡើងនោះឡើយ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន វិមានក្រឹមឡាំង បានឲ្យដឹងថា លទ្ធភាពនៃការចរចាដោយផ្ទាល់ រវាងភាគីទាំង២ ត្រូវបានលើកឡើងក្នុងអំឡុងកិច្ចប្រជុំរយៈពេល ៣ម៉ោង រវាងប្រធានាធិបតីលោក Vladimir Putin និងបេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff ។

គួរដឹងថា ទីក្រុងមូស្គូ និងទីក្រុងគីវ មិនទាន់មានការចរចាគ្នាដោយផ្ទាល់ណាមួយឡើយ ចាប់តាំងពីខែមីនា ឆ្នាំ២០២២ ពោលគឺតាំងតែពីប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីរុស្ស៊ីចាប់ផ្តើមសង្រ្គាមពេញបន្ទុក នៅអ៊ុយក្រែន។ ក្រោយមក នៅឆ្នាំនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអនុម័តក្រឹត្យមួយដែលច្រានចោលការចរចាជាមួយលោក Putin បន្ទាប់ពីរុស្ស៊ីបានទាមទារតំបន់ចំនួន ៤ របស់អ៊ុយក្រែនជាដែនដីរបស់ខ្លួន។
នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើសញ្ញា ដើម្បីបើកកិច្ចចរចាដោយផ្ទាល់ គួរតែចេញមកពីអ៊ុយក្រែន ឬសហរដ្ឋអាមេរិកនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «មែនហើយ ពីទីក្រុងគីវ យ៉ាងហោចណាស់ ទីក្រុងគីវគួរតែចាត់វិធានការខ្លះ ទាក់ទងនឹងរឿងនេះ។ ពួកគេមានការហាមឃាត់ផ្លូវច្បាប់ ជុំវិញរឿងនេះ ប៉ុន្តែរហូតមកដល់ពេលនេះ យើងមិនឃើញមានវិធានការអ្វីឡើយ»៕

