ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី២៨ ខែមេសា) នេះ បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) មិនបានជជែកគ្នាជាមួយលោក Donald Trump នោះឡើយ នាពេលថ្មីៗនេះ ហើយរដ្ឋបាលរៀងៗខ្លួន ក៏មិនបានព្យាយាមឲ្យឈានកិច្ចព្រមព្រៀងពន្ធគយនោះដែរ ដែលនេះជាការផ្ទុយទៅនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិក នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តី Time។
អ្នកនាំពាក្យក្រសួង លោក Guo Jiakun បាននិយាយថា៖ «តាមខ្ញុំដឹង ប្រមុខរដ្ឋទាំង២ មិនបានជជែកគ្នាតាមទូរសព្ទនោះឡើយ កាលពីពេលថ្មីៗនេះ។ ខ្ញុំសូមបញ្ជាក់ឡើងវិញថា ប្រទេសចិន និងសហរដ្ឋអាមេរិក មិនបានធ្វើការពិគ្រោះយោបល់ ឬការចរចាគ្នាអ្វីឡើយ ជុំវិញបញ្ហាពន្ធគយ»។

លោក Guo បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ដោះស្រាយបញ្ហា តាមរយៈការសន្ទនា និងការចរចានោះ ប្រទេសនេះគួរតែបញ្ឈប់ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ (ប្រទេសចិន)»។
គួរបញ្ជាក់ថា អំឡុងបទសម្ភាសដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក ប្រធានាធិបតីអាមេរិកលោក Trump បាននិយាយថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយប្រទេសចិន ដើម្បីឲ្យបានឈានដល់កិច្ចព្រមព្រៀងពន្ធគយ ហើយលោកប្រធានាធិបតី ស៊ី បានទូរសព្ទទៅជជែកជាមួយលោក។ ទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន បានបដិសេធម្តងហើយម្តងទៀតថា កិច្ចពិភាក្សាបែបនេះមិនត្រូវបានធ្វើឡើងនោះឡើយ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា «បំភ័ន្តសាធារណជន»៕
