បើតាមមន្ត្រីម្នាក់មកពីក្រសួងការពារជាតិឥណ្ឌា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំង នៅថ្ងៃចន្ទ (ទី២៨ ខែមេសា) នេះ ដើម្បីទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿង ដែលមានតម្លៃ ៦៣០ពាន់លានរូពី (៧,៤១ពាន់លានដុល្លារ) សម្រាប់កងទ័ពជើងទឹករបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការទិញនេះត្រូវបានអនុម័តកាលពីដើមខែនេះ ដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ឥណ្ឌា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Narendra Modi។ កងទ័ពអាកាសឥណ្ឌា បច្ចុប្បន្នកំពុងប្រតិបត្តិការយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ខណៈដែលកងនាវារបស់កងទ័ពជើងទឹក ភាគច្រើនមានយន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី។
កិច្ចព្រមព្រៀងនេះ កើតឡើងនៅពេលដែលឥណ្ឌាព្យាយាមធ្វើទំនើបកម្មយោធារបស់ខ្លួន កាត់បន្ថយការពឹងផ្អែកលើឧបករណ៍ដែលមានប្រភពពីរុស្ស៊ី និងជំរុញការផលិតអាវុធក្នុងស្រុក ដើម្បីផ្គត់ផ្គង់កងកម្លាំងដែលដាក់ពង្រាយតាមព្រំដែនមានជម្លោះចំនួន២ គឺជាមួយប៉ាគីស្ថាន និងចិន។
នេះក៏ជាជំហានមួយទៀតផងដែរ នៅក្នុងការពឹងផ្អែកដ៏យូរអង្វែងរបស់ឥណ្ឌា លើគ្រឿងយុទ្ធោបករណ៍របស់បារាំង ក្នុងនោះរួមទាំងយន្តហោះ Mirage 2000 ដែលបានទិញក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងនាវាមុជទឹកប្រភេទ Scorpene ដែលបញ្ជាទិញក្នុងឆ្នាំ២០០៥៕