ភ្ញៀវទេសចរបរទេស និងក្នុងស្រុក បានវិលត្រឡប់ទៅកាន់គោលដៅទេសចរណ៍ Pahalgam វិញ ស្ថិតក្នុងរដ្ឋភាគខាងជើងចាមមូ និងកាស្មៀររបស់ប្រទេសឥណ្ឌា ជាទីដែលក្រុមជីវពលបានសម្លាប់ភ្ញៀវទេសចរជាបុរស ២៦នាក់ កាលពីថ្ងៃអង្គារសប្តាហ៍មុន ។
តំបន់ទេសចរណ៍ដែលធ្លាប់មើលឃើញចំនួនភ្ញៀវទេសចរចន្លោះពី ៥ពាន់នាក់ ទៅ ៧ពាន់នាក់ ក្នុង ១ថ្ងៃនេះ បានមើលឃើញចំនួនភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហក់ រយៈពេលប៉ុន្មានថ្ងៃក្រោយការវាយប្រហារស្លាប់មនុស្ស ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្ញៀវទេសមួយចំនួន នៅតែបន្តធ្វើដំណើរទៅកាន់តំបន់មួយនេះ ខណៈគេមើលឃើញភ្ញៀវទេសចរក្រូអាត និងស៊ែរប៊ី ដើរកម្សានលេងនៅតាមផ្លូវក្នុងតំបន់ Pahalgam ។
លោក Admir Jahic គឺជាភ្ញៀវទេសចរក្រូអាត និយាយថា គ្មានកន្លែងណាមានសុវត្ថិភាពទៀតទេនៅលើពិភពលោក ប៉ុន្តែស្ថានភាពបែបនេះ ពុំរារាំងរូបលោកពីការធ្វើដំណើរកម្សាន្ត ដើម្បីជួបមនុស្សថ្មីនោះឡើយ ។
វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចតំបន់ជ្រលងភ្នំកាស្មៀរ ហើយវិស័យមួយនេះ ត្រូវបានលើកកម្ពស់ខ្លាំងដោយរដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ។
ចំនួនភ្ញៀវទេសចរមកកម្សាន្តលេងតំបន់កាស្មៀរ បានកើនឡើងខ្ពស់បំផុតជាង ៣លាននាក់ កាលពីឆ្នាំមុន ពោលគឺច្រើនជាងចំនួន ៨៣១.០០០នាក់កាលពីឆ្នាំ ២០១៨ ៕

