កោះកុង៖ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានជំរុញយុវជន សិស្សានុសិស្ស និងពលរដ្ឋចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈអោយបានកាន់តែច្រើន ខណៈក្រុមហ៊ុនវិនិយោគទុនហូរចូលដល់ក្នុងសហគមន៍។
ស្របពេលឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនជាច្រើនចូលវិនិយោគទុន និងត្រូវការបុគ្គលិកកម្មករជំនាញ ឯកឧត្តម ជា មានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់អាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃមុខវិជ្ជាជីវៈជំនាញបច្ចេកទេសទៅប្រជាពលរដ្ឋ និងយុវជនឱ្យបានច្រើនទ្វេរ។
ក្នុងពិធីផ្សព្វផ្សាយឱកាសការងារ និងការចុះឈ្មោះចូលរៀនវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ ព្រមទាំងងាយរងហានិភ័យប្រមាណ៥០០នាក់ ឯកឧត្តម ជា មានិត យល់ឃើញថា នៅពេលដែលយុវជន និងពលរដ្ឋទទួលមានចំណេះជំនាញច្បាស់លាស់ គឺពុំចាំបាច់ធ្វើចំណាកស្រុកទៅរកការងធ្វើក្រៅប្រទេសនោះទេ ខណៈមុខជំនាញការងារវិជ្ជាជីវៈនេះកំពុងតម្រូវការខ្ពស់ ហើយផ្តល់ចំណូលលើកកម្ពស់ជីវភាពយ៉ាងល្អប្រសើរទៀតផងទៅអនាគត។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ ហើយយុវជន និងប្រជាពលរដ្ឋនៅខេត្តកោះកុង អាចទាក់ទងមកកាន់អាជ្ញាធរឃុំសង្កាត់ ឬទីភ្នាក់ងារមុខរបរដោយផ្ទាល់តែម្តង។
ដោយឡែកលោកបណ្ឌិត ហាន បូរិន ថ្លែងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់ឆ្នាំ២០៥០ គឺមានតែជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និង ស្វែងរកការងារកាន់តែប្រសើរ៕






