ព្រះសីហនុ៖ រយៈពេលជិត១ឆ្នាំនេះ បទល្មើសបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាង ត្រូវបានរដ្ឋបាលជលកំពង់សោម បង្ក្រាបបានជាបន្ដបន្ទាប់ ២២ករណី ដែលការបង្ក្រាបបទល្មើសនេះ ដើម្បីការពារសម្ភពជីវចម្រុះ ។
លោក ឯម ភា នាយស្ដីទីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានឱ្យដឹងថា ព្រៃលិចទឹក និងព្រៃកោងកាង គឺជាសម្ភពជីវៈចម្រុះ ដែលជាប្រភពធនធានធម្មជាតិសមុទ្រ ត្រូវបាននឹងងកំពុងរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយសារការលួចកាប់បំផ្លាញទន្ទ្រានយកដីធ្វើកម្មសិទ្ធិខុសច្បាប់ និងស្របច្បាប់ (ក្រោមលេសអភិវឌ្ឍខ្លះ) ។
បញ្ហានេះ លោកបានទទួលព័ត៌មានតាមរយៈសហគមន៍នេសាទ ហើយបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាបបានជាបន្ដបន្ទាប់ បានចំនួន២២ករណី និងបានបញ្ជូនទៅតុលាការ ០២ករណី ក្នុងរយៈពេល១១ខែ ឆ្នាំនេះ។ លោក នឹងធ្វើការស្រាវជ្រាវពង្រឹងការអនុវត្ដច្បាប់បន្ថែមទៀត ជាពិសេសការផ្សព្វផ្សាយពីច្បាប់ជលផល។
ប្រធានសហគមន៍ជ្រលង បានស្នើដល់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជួយថែរក្សាព្រៃលិចទឹក ព្រៃកោងកាងនៅក្នុងតំបន់សហគមន៍នេសាទរាប់សិបហិកតាក្នុងខេត្ដព្រះសីហនុ ទុកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល តកូន តចៅ និងរក្សាជាអេកូទេសចរណ៍ធម្មជាតិ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ព្រៃកោងកាង ជាមន្ទីរសម្ភពដ៏មានសារៈសំខាន់ក្នុងការបង្កើតមច្ឆជាតិគ្រប់ប្រភេទ ជាពិសេសកោងកាងជាប្រភពផ្ទុកកាបូនស្រូបជាតិពុល និងបញ្ចេញអុកស៊ីសែនសម្រាប់មនុស្សដកដង្ហើម។ ដីព្រៃកោងកាងនៅតាមតំបន់ឆ្នេរ មានទំហំប្រមាណ ជាង៧ម៉ឺន៦ពាន់ហិកតា លាតសន្ធឹងលើខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង៕
អត្ថបទ៖ គង់ ប៊ុនថា







