ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ (២៨ មេសា) បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេល ៣ថ្ងៃក្នុងប្រទេសអ៊ុយក្រែន នៅខែក្រោយនេះ ដោយផ្អាកសកម្មភាពយោធាទាំងអស់ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី០៨ ឧសភា ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ឧសភា ក្នុងវិធានការមួយដែលមន្ត្រីអ៊ុយក្រែននៅតែសង្ស័យ ហើយបានទាមទារឱ្យមេដឹកនាំវិមានក្រឹមឡាំងរូបនេះទទួលយកជាបន្ទាន់នូវសំណើបទឈប់បាញ់យូរជាងនេះពីសហរដ្ឋអាមេរិក ដែលលោកបានបដិសេធរហូតមកដល់ពេលនេះ ខណៈលោកប្រធានាធិបតី Donald Trump ក៏បានបញ្ជាក់ជាថ្មីនូវការចង់បានបទឈប់បាញ់ជាអចិន្ត្រៃយ៍។

ការប្រកាសរបស់លោក Putin - ដែលត្រូវបានជួបជាមួយនឹងការជំរុញជាថ្មីបន្ថែមទៀតពីសេតវិមានសម្រាប់ "បទឈប់បាញ់អចិន្ត្រៃយ៍" - កើតឡើងនៅពេលដែលរដ្ឋបាលលោក Trump បង្កើនសម្ពាធលើទីក្រុងមូស្គូ និងទីក្រុងគីវ ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាម។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Brian Hughes បាននិយាយកាលពីថ្ងៃចន្ទថា “ខណៈដែលលោកប្រធានាធិបតី Trump ស្វាគមន៍ចំពោះឆន្ទៈរបស់លោក Putin ក្នុងការផ្អាកជម្លោះនោះ លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់យ៉ាងច្បាស់ណាស់ថាលោកចង់បានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងនាំយកជម្លោះនេះទៅជាដំណោះស្រាយដោយសន្តិវិធី”។

លោក Trump បានសម្តែងការខកចិត្តកាន់តែខ្លាំងឡើងចំពោះកិច្ចខិតខំប្រឹងប្រែងពុំមានផ្លែផ្កា ក្នុងការធ្វើអន្តរការីកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ដែលជាគោលបំណងធំបំផុតក្នុង ១០០ថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតីរបស់លោក៕