ក្រុមមន្រ្តី និងប្រមុខពាណិជ្ជកម្មអាមេរិក បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នឹងបន្ទាបផលប៉ះពាល់នៃពន្ធលើរថយន្ត ក្នុងថ្ងៃអង្គារ ២៩ មេសា នេះ ដោយកាត់បន្ថយពន្ធមួយចំនួនដែលដាក់លើគ្រឿងបន្លាស់បរទេសនៅក្នុងរថយន្តដែលផលិតក្នុងស្រុក និងទប់ពន្ធលើរថយន្តដែលផលិតនៅបរទេស មិនឱ្យជាន់គ្នាលើពន្ធផ្សេងទៀត។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពីសេតវិមានថា "លោកប្រធានាធិបតី Trump កំពុងបង្កើតភាពជាដៃគូដ៏សំខាន់មួយជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងកម្មករអាមេរិក"។
លោកបន្តថា "កិច្ចព្រមព្រៀងនេះគឺជាជ័យជម្នះដ៏សំខាន់សម្រាប់គោលនយោបាយពាណិជ្ជកម្ម តាមរយៈការផ្តល់រង្វាន់ដល់ក្រុមហ៊ុនដែលផលិតក្នុងស្រុក ខណៈពេលដែលបើកផ្លូវក្រោយដល់អ្នកផលិត ដែលបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការវិនិយោគនៅអាមេរិក និងពង្រីកការផលិតក្នុងស្រុក"។
ក្រុមហ៊ុនផលិតរថយន្តបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេរំពឹងថាលោក Trump នឹងបន្ធូរបន្ថយពន្ធលើរថយន្ត មុនពេលទស្សនកិច្ចទៅកាន់រដ្ឋ Michigan ជាទីតាំងរបស់ក្រុមហ៊ុនផលិតរថយន្តធំៗទាំង៣ និងមានអ្នកផ្គត់ផ្គង់រថយន្តធំៗជាង ១.០០០កន្លែង។ កាលពីសប្តាហ៍មុន ក្រុមចម្រុះនៃឧស្សាហកម្មរថយន្តរបស់អាមេរិក ក៏បានជំរុញឱ្យលោក Trump កុំយកពន្ធ ២៥% លើគ្រឿងបន្លាស់រថយន្តដែលនាំចូល ដោយព្រមានថាពួកគេនឹងកាត់បន្ថយការលក់ និងដំឡើងតម្លៃ ប្រសិនបើពន្ធនៅតែមាន៕