ភ្នំពេញ៖ ដំណើរការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី សម្រេចបាន ២៧ភាគរយ នៃគម្រោងទាំងមូលហើយ ដោយមកដល់បច្ចុប្បន្នចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារ បើទោះបីជាមានការរាំងស្ទះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
គម្រោងដែលប្រើទុនវិនិយោគទាំងស្រុងដោយក្រុមហ៊ុន CAIC នេះ ចំណាយទឹកប្រាក់សរុបចំនួន ៣៧៥លានដុល្លារអាមេរិកហើយ ហើយនៅក្នុងឆ្នាំ២០២២ខាងមុខ គ្រោងនឹងចំណាយថវិកា ៤៦៧លានដុល្លារអាមេរិកទៀត។
បើតាមការឱ្យដឹងពីក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ គម្រោងទាំងមូលនឹងចំណាយទឹកប្រាក់សរុប ១ ៥០០លានដុល្លារអាមេរិក។
ការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករចំនួនសរុប ៣ ៧៤០នាក់។
ទោះបីជាវិបត្តិកូវីដ-១៩ បានធ្វើឱ្យរាំងស្ទះដល់ដំណើរការបុគ្គលិក-កម្មករជំនាញបរទេសដែលត្រូវមកពីក្រៅប្រទេស និងចរាចរទំនិញមកពីប្រទេសចិន គួបផ្សំនឹងការអូសបន្លាយរដូវវស្សា និងជំនន់ទឹកភ្លៀង រួមទាំងការលំបាកផ្នែកបច្ចេកទេសនៃសណ្ឋានដីក្នុងតំបន់សាងសង់យ៉ាងណាក្តី ក៏ក្រុមហ៊ុន ព្យាយាមក្នុងការសាងសង់ឱ្យសម្រេចបានតាមផែនការ និងដាក់ឱ្យដំណើរការឱ្យបានឆាប់តាមផែនការគ្រោងទុក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលគាំទ្រចំពោះគម្រោងសាងសង់នេះ នឹងអញ្ជើញទៅទស្សន កិច្ចស្វែងយល់ពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតក្នុងទឹកដីខេត្តកណ្តាល នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១នេះ៕





