ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិទីក្រុងឡុងដ៍ចក្រភពអង់គ្លេសឆ្នាំ ២០២៥ បានបំបែកកំណត់ត្រាពិភពលោកដោយមានចំនួនអ្នកបញ្ចប់ទីច្រើនបំផុត។
ព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៍លើកទី ៤៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅមានអ្នករត់ដល់ទីព្រ័ត្រពេញម៉ារ៉ាតុង ៤២.១៩៥ គីឡូម៉ែត្រដល់ទៅ ៥៦៦៤០ នាក់ ដែលចំនួននេះជាកំណត់ត្រាពិភពលោកថ្មីទទួលស្គាល់ដោយ Guinness World Record។
កំណត់ត្រាចាស់ម៉ារ៉ាតុងដែលមានអ្នករត់បញ្ចប់ទីច្រើនបំផុតពីមុនគឺ ៥៥៦៤៦ នាក់នៅម៉ារ៉ាតុងទីក្រុងញូយ៉កសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុន។
ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៍លោក Hugh Brasher បានបង្ហាញក្តីសង្ឃឹមថា ចំនួនអ្នកបញ្ចប់ទីជាកំណត់ត្រាពិភពលោកថ្មីនេះ នឹងទាក់ទាញអ្នកចូលរួមកាន់តែច្រើននៅឆ្នាំក្រោយ។
ម៉ារ៉ាតុងទីក្រុងឡុងដ៍ជាព្រឹត្តិការណ៍ម៉ារ៉ាតុងដែលមានប្រជាប្រិយភាពជាងគេស្រាប់ទៅហើយ ដោយមានអ្នកចូលរួមសរុបឆ្នាំនេះ ៨៤០៣១៨ នាក់ ដែលជាចំនួនច្រើនបំផុតបំបែកកំណត់ត្រាឆ្នាំចាស់ដែលមានអ្នកចូលរួមសរុបត្រឹម ៥៧៨៣០៤ នាក់ប៉ុណ្ណោះ។
កីឡាការិនីសញ្ជាតិអេចូពី Tigst Assefa ជាអ្នកទទួលបានជ័យជំនះក្នុងការរត់ប្រណាំងផ្នែកនារី ខណៈផ្នែកបុរសបានទៅកីឡាករកេនយ៉ា Sebastian Sawe៕
អត្ថបទ៖នាង សុភាវុធ