នគរបាលនៅតាមថ្នាក់មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់ លើការខិតខំបំពេញការផ្តល់អត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការ។
លោកវរសេនីយ៍ត្រី អ៊ុន ភិរម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញណែនាំដោយលោកវរសេនីយ៍ឯកជុន ប៊ុនណាន អធិការនគរបាល៧មករា កម្លាំងនគរបាលប៉ុស្តិ៍តែងបានយកចិត្តទុកដាក់ជាប្រចាំ លើការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋក្នុងមូលដ្ឋាន ទាំងពលរដ្ឋដែលគ្រប់អាយុ និងពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែផុតសុពលភាពជសដើម ។
ប្រជាពលរដ្ឋ សម្តែងក្តីរីករាយចំពោះការផ្តល់សេវា របស់នគរបាលក្នុងមូលដ្ឋាន ដែលការទទួលធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារនានា មានភាពលឿនរហ័ស ងាយស្រួល មិនបង្កក្តីលំបាកនោះឡើយ ដោយមានក្រុមមន្ត្រីជាច្រើនប្រចាំការរងចាំទទួលដោយក្តីរុះរាយរាកទាក់។
គួរបញ្ជាក់ថា ការផ្តល់សេវា លើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺនគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ច ក្នុងការចុះធ្វើជាប្រចាំ ពិសេសក្រោយពេលធ្វើរួចរាល់ ឯកសារទាំងនោះ តែងតែត្រូវបានយកទៅជូនដោយផ្ទាល់ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋផងដែរ៕ អត្ថបទ៖ លីហេង






