ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ខេត្តតាកែវ នឹងក្លាយជាខេត្តមួយដ៏ មានសក្តានុពល ទាំងផ្នែកឧស្សាហកម្ម និងការនាំចេញនូវកម្មន្តសាល បន្ទាប់ពីខេត្តមួយនេះមានការតភ្ជាប់បណ្តាញផ្លូវ និងកសាង«ព្រែកជីកហ្វូនតេជោ»នោះ។
ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣១,៣៣,៤១ នៅស្រុកត្រាំកក់ ខេត្តកាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបាន លើកឡើងថា នាពេលខាងមុខនេះ ខេត្តតាកែវ នឹងមានភាពល្បីមិនត្រឹមតែបង្កង ឬពងទាកូនទេ នឹងល្បីល្បាញកាន់តែខ្លាំងបន្ថែមទៀតដោយមានឧស្សាហកម្មច្រើន និងការនាំចេញនូវកម្មន្តសាល ខណៈផ្លូវបានកំពុងតភ្ជាប់ជាបន្តបន្ទាប់ពីតំបន់មួយទៅតំបន់មួយ ដើម្បីធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនកាន់តែខ្លាំង កាន់តែល្អពីភ្នំពេញ ឆ្លងកាត់តាកែវ ទៅកាន់ខេត្តភូមិភាគនិរតី ពោលគឺខេត្តជាប់មាត់សមុទ្រ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវមោទនភាពចំពោះភាពរីកចម្រើន ជាបន្តបន្ទាប់នៅក្នុងខេត្តតាកែវផងដែរ ទាំងមន្ទីរពេទ្យ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប៉ែបយ៉ាង រោង ចក្រសហគ្រាស់ ខណៈសមិទ្ធផលទាំងនេះបានរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែម ជាក់ស្តែងដូចការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៣១,៣៣,៤១នេះយ៉ាង ដូច្នេះដែរ គឺរាជរដ្ឋាភិបាលបានចំណាយថវិកាអស់ត្រឹមតែ ១៨៨លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែចំណូល សេដ្ឋកិច្ចដែលនឹងចូលទៅក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋ នឹងមានរាប់ពាន់លានដុល្លារអាមេរិកឯណោះ៕អត្ថបទ៖ បាន ចក់រូបភាព


