សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការដែលរាជរដ្ឋាភិបាលខ្ចីលុយបរទេសនោះ គឺយកមកអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋ មិនមែនយកមកដាក់ហោប៉ៅខ្លួនឯង ឬយកមកសម្រាប់បើកប្រាក់ខែជូនមន្រ្តីរាជការ ដូចការលើកឡើង របស់ក្រុមអគតិមួយក្តាប់តូចដែលតែងតែរិះគន់ និងចោទប្រកាន់ជារឿយៗនោះឡើយ។
ឆ្លើយតបចំពោះក្រុមប្រឆាំងថា រាជរដ្ឋាផិបាលដើរខ្ចីលុយបរទេសទៀតហើយនោះ សម្តេចនាយក រដ្ឋមន្រ្តី បានលើកឡើងថា ការខ្ចីលុយបរទេសនេះប្រទេសណាក៏មានដែរ ប៉ុន្តែការខ្ចីគេនោះ គឺត្រូវមានហេតុផលច្បាស់លាស់ ខណៈរាជរដ្ឋាភិបាលកម្ពុជាមិនមែនកញ្ជើធ្លុះនោះទេ ការដែលរដ្ឋខ្ចីលុយគេគឺយកមកអភិវឌ្ឍន៍ប្រទេសជាតិ យកមកធ្វើហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាង ដើម្បីបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋ ជាក់ស្តែងដូចករណីផ្លូវជាតិលេខ៣១,៣៣,៤១នេះ គឺរដ្ឋបានខ្ចីពីបរទេសជិតពីររយលានដុល្លារ ប៉ុន្តែវានឹងបង្កើនចំណូលជូនដល់ជាតិ និងប្រជាជនកម្ពុជាទាំងមូលរាប់ពាន់លានដុល្លារឯកណោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ការដែរកម្ពុជាខ្ចីគេ គឺកម្ពុជាមានលទ្ធភាពសង គេ ដូច្នេះបងប្អូនប្រជាពលរដ្ឋសូមកុំព្រួយបារម្ភចំពោះបំណុលបរទេសនេះឲ្យសោះ។
ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៣១,៣៣,៤១ នៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ៕អត្ថបទ៖ បាន ចក់












