
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ការប្រឡងសម្រាប់ឆ្នាំនេះ ក្រសួងអប់រំបញ្ជាក់ថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែមានពិន្ទុ ២៣៧ពិន្ទុនៃពិន្ទុសរុប ៥០០ ទើបអាចជាប់។ បើសិនជាពិន្ទុតិចជាងនេះ គឺធ្លាក់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួង យុវជន និងកីឡា។
ក្រសួងអប់រំ តាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ប្រាប់BTVថា បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវតែធ្វើឱ្យបាន ២៣៧ពិន្ទុ នៃពិន្ទុសរុប ៥០០ ទើបអាចជាប់ទទួលបានសញ្ញាបត្រ។ ការបញ្ជាក់បែបនេះ ស្របពេលដែលការប្រឡងបាក់ឌុប នឹងមកដល់នៅថ្ងៃទី ២៧-២៨ ខែធ្នូខាងមុខ។
ពាក់ព័ន្ធនឹងការប្រឡងខាងមុខនេះ ឯកឧត្តមអ្នកនាំពាក្យលើកឡើងថា មានបេក្ខជនប្រឡងជាទិន្ន័យបឋមចំនួន ១១៥ ១៣៩នាក់ មានមណ្ឌលប្រឡងទូទាំងប្រទេសចំនួន ២០៤មណ្ឌល និងមានបន្ទប់ចំនួន ៤៦៥២បន្ទប់។
ក្នុងដំណើរការប្រឡងនេះ ក៏នឹងមានគណៈកម្មការឧបមាទចំនួន ៦១២នាក់ និងមានជំនួយការឧបមាទចំនួន ១៥៧២នាក់ ដើម្បីជួយពិនិត្យមើលលើដំណើរការប្រឡងនេះផងដែរ។ ឯកឧត្តមបន្តថា ការប្រឡងឆ្នាំនេះ គឺក្រសួងអប់រំនៅតែបន្តវិធានការតឹងរឹង ដោយនឹងមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវគោលការណ៍ ច្បាប់ តម្លាភាព លទ្ធផលទទួលយកបាន អ្នកចេះគឺជាប់។
ក្នុងនាមតំណាងឱ្យក្រសួងអប់រំ ឯកឧត្តម បានសំណូមពរឱ្យគ្រប់បេក្ខជនទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាព គោរពច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរទៅប្រឡង និងចេញពីប្រឡង ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់។ ការក្រើនរម្លឹកបែបនេះ ព្រោះតាមគោលការណ៍ ករណីបេក្ខជនណាម្នាក់ខកខានការប្រឡង លើសពីមួយវិញ្ញាសារ គឺនឹងធ្លាក់ដោយស្វ័យប្រវត្តិ។
លើសពីនេះ គឺក្រសួងក្រើនរម្លឹកឱ្យបេក្ខជនត្រូវតែបន្តស្វ័យសិក្សា ធ្វើលំហាត់បន្ថែម មុននឹងឈានដល់ពេលប្រឡង។ ក្រសួងក៏នៅតែបន្តធនធានអប់រំឌីជីថល ជូនដល់សិស្សគ្រប់កម្រិតថ្នាក់ ជាពិសេសបេក្ខជនប្រឡង បន្តរៀនសូត្រ ត្រៀមខ្លួនសម្រាប់ការប្រឡងជាក់ស្ដែង។
គួររម្លឹកថា កាលបរិច្ឆេទប្រឡងបាក់ឌុបនេះ ២៧-២៨ ធ្នូនេះ ជាកាលបរិច្ឆេទថ្មី ដែលក្រសួងអប់រំបានកំណត់ចុងក្រោយ។ ការសម្រេចពន្យពេលមកប្រឡងចុងឆ្នាំ គឺដើម្បីឱ្យបេក្ខជនប្រឡង អាចមានពេលវេលាកាន់តែច្រើនក្នុងការសិក្សាត្រៀម៕ អត្ថបទ៖ គឹមហុក