ប្រទេសចិន នៅថ្ងៃអង្គារ (២៩ មេសា) នេះ បានស្តីបន្ទោសការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការឈប់ទទួលយកយន្តហោះថ្មីៗពីក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស ប៊ូអ៊ីង ដោយនិយាយថា ពន្ធទាំងនោះបាន "រំខានដល់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ"។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការអនុវត្ដពន្ធរបស់សហរដ្ឋអាមេរិក បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃបណ្ដាញឧស្សាហកម្មសកល និងខ្សែច្រវាក់ផ្គត់ផ្គង់"។ អ្នកនាំពាក្យបន្តថា "ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលពាក់ព័ន្ធ និងក្រុមហ៊ុនប៊ូអ៊ីង នៅអាមេរិក បានរងគ្រោះយ៉ាងខ្លាំងដោយសាររឿងនេះ"។

គួរឱ្យដឹងថា ពន្ធថ្មីរបស់អាមេរិក បានឈានដល់ ១៤៥% លើផលិតផលចិនជាច្រើនមុខ ដោយលោកប្រធានាធិបតី Donald Trump បង្ហើបពីការកាត់បន្ថយតួលេខនេះ ខណៈដែលទីក្រុងប៉េកាំង បានឆ្លើយតបជាមួយនឹងពន្ធថ្មី ១២៥% លើការនាំចូលពីអាមេរិក។ នាយកប្រតិបត្តិ ប៊ូអ៊ីង លោក Kelly Ortberg បានបញ្ជាក់កាលពីសប្តាហ៍មុនថា ចិនបានបញ្ឈប់ការទទួលយកយន្តហោះថ្មីដោយសារតែសង្គ្រាមពាណិជ្ជកម្មនេះ។
លោក Ortberg បាននិយាយថា ក្រុមហ៊ុនប៊ូអ៊ីង បានគ្រោងបញ្ជូនយន្តហោះប្រហែល ៥០គ្រឿងទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៥ ប៉ុន្តែអតិថិជនចិនបាន "បញ្ឈប់ការដឹកជញ្ជូនយន្តហោះ ដោយសារតែបរិយាកាសពន្ធ" ដោយបន្ថែមថា ប្រសិនបើការឈប់ទទួលនៅតែបន្ត នោះក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សមួយនេះ នឹងលក់យន្តហោះទៅឱ្យក្រុមហ៊ុនផ្សេងក្នុងពេលឆាប់ៗ៕