អង្គការសិទ្ធិមនុស្សអន្តរជាតិ Euro-Med បានច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថាកងកម្លាំងរបស់ខ្លួនកំពុងប្រយុទ្ធជាមួយក្រុមយុទ្ធជនហាម៉ាស នៅតំបន់ហ្កាហ្សា ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ បានប្រកាសកាលពីថ្ងៃចន្ទ (២៨ មេសា) ថា យ៉ាងហោចណាស់តួលេខ ៩៤% នៃជនរងគ្រោះក្នុងការវាយប្រហារដ៏បង្ហូរឈាមនៅដែនដីហ្កាហ្សា គឺជាជនស៊ីវិល។

ក្រុមនេះលើកពីការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល ក្នុងពេលត្រឹមតែមួយសប្ដាហ៍ពីថ្ងៃទី ២០-២៦ ខែមេសា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៤៥នាក់ និងរបួស ៧៧០នាក់ផ្សេងទៀត។ Euro-Med និយាយថា ទិន្នន័យបង្ហាញថា យ៉ាងតិច ៩៤% នៃអ្នករងគ្រោះជាជនស៊ីវិល ដោយជាងពាក់កណ្តាលនៃអ្នកស្លាប់ក្នុងពេល ៧ថ្ងៃនោះ ជាកុមារ ហើយតួលេខ ១៦% នៃពួកគេជាស្ត្រី និង ៨% ជាមនុស្សវ័យចំណាស់ ចំណែកអ្នកស្លាប់ជាបុរស ភាគច្រើនជាអ្នកមានការងារសាមញ្ញធម្មតា។

អ៊ីស្រាអែល តែងច្រានចោលការកំណត់គៅលដៅលើជនស៊ីវិល ដោយសង្កត់ធ្ងន់ថា កងកម្លាំងខ្លួនបានធ្វើប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិ ហើយនឹង "មិនដែលកំណត់គោលដៅលើពលរដ្ឋស្លូតត្រង់ឡើយ"។ អ៊ីស្រាអែល ចោទក្រុមហាម៉ាស ថាកំពុងប្រើប្រជាជនប៉ាឡេស្ទីនជាខែលការពារខ្លួន និងលួចជំនួយពីជនរងគ្រោះទាំងនោះ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់នេះ៕