អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានព្រមានពីហានិភ័យកើនឡើងដល់ជនស៊ីវិលយេម៉ែន ដោយនិយាយកាលពីថ្ងៃចន្ទ (២៨ មេសា) ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការវាយប្រហារលើមជ្ឈមណ្ឌលឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិកក្នុងប្រទេសយេម៉ែន ដែលបានសម្លាប់មនុស្សរាប់សិបនាក់។

លោក Dujarric និយាយថា "ការវាយប្រហារដ៏បង្ហូរឈាមនោះបានបង្កហានិភ័យកាន់តែខ្លាំងដល់ប្រជាជនស៊ីវិលក្នុងប្រទេសយេម៉ែន ហើយអង្គការសហប្រជាជាតិបន្តអំពាវនាវឱ្យភាគីទាំងអស់រក្សាកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការការពារជនស៊ីវិល"។

សាកសពដែលគ្របដណ្ដប់ដោយធូលី និងកម្ទេចកម្ទីបានរាយប៉ាយនៅក្នុងបំណែកនៃមជ្ឈមណ្ឌលឃុំឃាំនៅយេម៉ែន បន្ទាប់ពីទូរទស្សន៍ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហ៊ួទី បានពិពណ៌នាកាលពីថ្ងៃចន្ទថា ជាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សចំនួន ៦៨នាក់។

នេះជាការវាយប្រហារដ៏ធំផុតមួយមកទល់ពេលនេះក្នុងពេល ៦សប្តាហ៍ នៃប្រតិបត្តិការយោធាកាន់តែខ្លាំងក្លាឡើងរបស់អាមេរិក ទៅលើក្រុមហ៊ួទី ដែលគ្រប់គ្រងភាគខាងជើងយេម៉ែន និងបានវាយប្រហារការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម ក្នុងអ្វីដែលក្រុមនេះថាជាសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ យោធាអាមេរិកនិយាយថា ខ្លួននឹងមិនផ្តល់ព័ត៌មានលម្អិតពីគោលដៅនៃការវាយប្រហារតាមអាកាសរបស់ខ្លួននោះទេដោយសារហេតុផលសន្តិសុខនៃប្រតិបត្តិការ៕