មេដឹកនាំក្រុមហេសបូឡានៅប្រទេសលីបង់កាលពីថ្ងៃចន្ទ បានអំពាវនាវដល់រដ្ឋាភិបាលឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងប្រទេសនេះ មួយថ្ងៃ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារតាមអាកាសទៅលើជាយក្រុងបេរូត។
លោក Naim Kassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្រុមហេសបូឡា បានអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហេសបូឡា រយៈពេល ១៤ខែ នៅចុងខែ វិច្ឆិកា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមអាកាស ជារៀងរាល់ថ្ងៃ។

ការអត្ថាធិប្បាយរបស់លោក Kassem បានកើតឡើង នៅពេលដែលយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារច្រើនជាង ៥០លើក នៅក្នុងប្រទេសលីបង់ ក្នុងខែនេះ ដោយអះអាងថា ការវាយប្រហារទាំងនោះ បានកើតឡើង បន្ទាប់ពីក្រុមហេសបូឡា បានរំលោភលើបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។
កាលពីថ្ងៃអាទិត្យ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត បន្ទាប់ពីបានចេញការព្រមានប្រហែលមួយម៉ោងមុន ដែលជាការវាយប្រហារលើកទី៣របស់អ៊ីស្រាអែលលើតំបន់នេះ ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាន នៅចុងខែវិច្ឆិកា។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងមីស៊ីលវាយប្រហារគោលដៅជាក់លាកដែលមានភាពត្រឹមត្រូវកម្រិតខ្ពស់ មួយកន្លែង។
