បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ប្រតិភូនៃស្ថានទូតអូស្ត្រាលី ប្រចាំនៅរាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី SAM KITSCHER លេខាធិការទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ និងលោកស្រី EACHEL BELL ស្នងការស៊ើបអង្កេត តំណាងឱ្យនគរបាលសហព័ន្ធអូស្ត្រាលីនៅរាជធានីភ្នំពេញ បានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថានភាពទូទៅ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជួបសំណេះសំណាលជាមួយមន្ត្រីប៉ុស្តិ៍ នៅសាលប្រជុំជាន់ទី២ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ ។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរលោកស្រី SAM KITSCHER បានលើកជាសំនួរមួយចំនួនពាក់ព័ន្ធលើជំនាញអន្តោប្រវេសន៍ ដល់មន្ត្រី និងបានសម្ដែងនូវការកោតសរសើខ្ពស់ដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលកន្លងមក ជានិច្ចកាលបានយកចិត្តទុកដាក់ចូលរួមសហការបានយ៉ាងល្អប្រសើរជាមួយក្រុមការងាររបស់លោកស្រីប្រកបដោយភាពរីករាយរាក់ទាក់គួរជាទីមោទនបំផុតផងដែរ ។
ជាថ្មីម្ដងទៀតលោកស្រី ក៏បានថ្លែងនូវអំណរអរគុណដ៏ជ្រាលជ្រៅចំពោះរបាយការណ៍ដែលប៉ុស្តិ៍បានរាយការណ៍អំពីលំហូរចេញ-ចូល របស់អ្នកដំណើរភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសគុណសម្បត្តិ និងគុណវិបត្តិរបស់ជនជាតិអូស្ត្រាលីចេញ-ចូលឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងដែរ។
ក្នុងនោះដែរលោកស្រី រួមទាំងក្រុមការងារសហការីបានអញ្ជើញពិនិត្យសកម្មភាពការងាររបស់មន្ត្រីជំនាញចំពោះការប្រថាប់ត្រាតាមបញ្ជរបំពេញបែបបទចេញ-ចូលប្រទេស និងបានត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាពផងដែរ ៕






