ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានឯកគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យបានខ្លាំងក្លាបន្ថែមទៀត ពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដើម្បីឲ្យសក្ដិសមនឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំ និងមានប្រវត្តិយូរអង្វែងមកហើយ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ និងឯកឧត្ដម ងៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាមប្រចាំកម្ពុជា នាទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបខាងលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ក្នុងរយៈ១០ខែ នៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនដល់ ៧,៨៧ពាន់លានដុល្លារ ហើយសង្ឃឹមថានឹងកើនដល់ប្រមាណ៩ពាន់ លានដុល្លារ នៅដំណាច់ឆ្នាំ២០២១ទាំងមូល។
ឯកឧត្ដម ក៏បានស្នើឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជួយគាំទ្របន្ថែមទៀតដល់វិនិយោគិនវៀតណាមនៅកម្ពុជា និងជួយជំរុញនូវកិច្ចព្រមព្រៀងលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្ដមបញ្ជាក់ថា បក្ស និងប្រជាជនវៀតណាម មិនដែលភ្លេចទេនូវគុណបំណាច់របស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ និងឯករាជ្យភាពរបស់វៀតណាមពីការឈ្លានពានរបស់បរទេស និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយ ឧបត្ថម្ភដល់រដ្ឋាភិបាលវៀតណាម ទាំងសម្ភារៈ និងថវិកាក្នុងការប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រុមហ៊ុនវៀតណាមជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើច្រើនវិស័យ ក្នុងនោះ ដំណាំកៅស៊ូ, វៀតណាម បានបោះទុនវិនិយោគយ៉ាងច្រើន និងទទួលបានជោគជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យភាគីវៀតណាមបន្តជួយគាំទ្រដល់កម្ពុជាជាបន្តទៀត ពិសេសជំរុញអ្នកវិនិយោគទុនវៀតណាមមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត៕