មន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានបាត់បង់យានដ្រូន MQ-9 Reaper តម្លៃរាប់លានដុល្លារចំនួន ៧គ្រឿង នៅក្នុងតំបន់យេម៉ែន ចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ខណៈដែលកងទ័ពជើងទឹក បានប្រកាសថា យន្តហោះចម្បាំងមានតម្លៃដ៏ថ្លៃមួយគ្រឿង បានធ្លាក់ចេញពីនាវាផ្ទុកយន្តហោះចូលក្នុងសមុទ្រក្រហម។
ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសចុងក្រោយបំផុតរបស់ខ្លួន ប្រឆាំងនឹងក្រុមហ៊ួទី នៅប្រទេសយេម៉ែន នៅពាក់កណ្តាលខែមីនា ហើយយានដ្រូន MQ-9 អាចត្រូវបានប្រើសម្រាប់ការឈ្លបយកការណ៍ គឺជាទិដ្ឋភាពសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីកំណត់អត្តសញ្ញាណ និងកំណត់គោលដៅអាវុធ ដែលក្រុមឧទ្ទាមហ៊ួទីកំពុងប្រើប្រាស់ ដើម្បីវាយប្រហារការដឹកជញ្ជូនក្នុងតំបន់ ក៏ដូចជាការវាយប្រហារផ្សេងទៀតផងដែរ។

មន្ត្រីអាមេរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖«យានដ្រូន MQ-9 ចំនួន ៧គ្រឿង ដែលបានធ្លាក់បាត់ ចាប់តាំងពីថ្ងៃទី ១៥ ខែមីនា» ដោយមិនបានបញ្ជាក់ពីអ្វីដែលបានបណ្តាលឲ្យបាត់បង់យាន ដ្រូន ដែលមួយគ្រឿងៗ មានតម្លៃប្រហែល ៣០លានដុល្លារ។
ក្នុងពេលជាមួយគ្នានេះដែរ កងទ័ពជើងទឹកអាមេរិក បានប្រកាសពីការបាត់បង់គ្រឿងយុទ្ធោបករណ៍មានតម្លៃថ្លៃមួយទៀតគឺ យន្តហោះចម្បាំង F/A-18E ដែលបានធ្លាក់ពីចេញពីនាវាផ្ទុកយន្តហោះ USS Harry S. Truman ក្នុងឧបទ្ទវហេតុមួយ ដែលបណ្តាលបានឲ្យនាវិកម្នាក់ រងរបួស។
ត្រាក់ទ័រមួយគ្រឿងដែលបានអូសយន្តហោះ F/A-18E ជាប្រភេទយន្តហោះដែលមានតម្លៃជាង ៦៧ លានដុល្លារ ក្នុងឆ្នាំ ២០២១ ក៏បានរអិលធ្លាក់ពីនាវាដឹកយន្តហោះ ចូលក្នុងសមុទ្រ។
