បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនលោកស្រីវរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល ដឹកនាំក្រុមការងារសុខាភិបាល ចុះពិនិត្យព្យាបាលជម្ងឺជូនដល់កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ និង បញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។
ជាមួយគ្នានោះដែរក្រុមការងារគ្រូពេទ្យនៃស្នងការនគរបាលខេត្ត បានចុះតាមអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងបានពិនិត្យសុខភាពជូនកម្លាំងសរុប៤៨នាក់ ស្រី១៣នាក់ និងបានព្យាបាល៧៣ករណី។ ក្រុមការងារសុខាភិបាល បានចុះអធិការព្រះនេត្រព្រះ ដោយបានពិនិត្យសុខភាពជូនកម្លាំងសរុប៦០នាក់ ស្រី០៧នាក់។ បានព្យាបាល៨៨ករណី ។
ការចុះពិនិត្យព្យាបាលជំងឺជូនដល់កងកម្លាំងតាមអធិការដ្ឋានតាមក្រុងស្រុកនាពេលនេះដែរ ក្នុងគោលបំណង ដើម្បីធានាដល់កងកម្លាំងនគរបាល មានសុខភាពល្អ មានកម្លាំងមាំមួន ក្នុងការបំរើការងារប្រចាំថ្ងៃ ឬ បំពេញបេសកកម្ម ចុះប្រតិបត្តិការយាមល្បាតការពារសន្តិសុខ សុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត ជៀសវាងមានបញ្ហាប្រឈមណាមួយកើតឡើង ដោយយថាហេតុក្នុងការបំពេញការងារនោះ៕ ឃិនសារិទ្ធ





