រដ្ឋាភិបាលរបស់ប្រទេសទួរគីកាលពីថ្ងៃចន្ទ បានបដិសេធរបាយការណ៍ដែលថា ខ្លួនបានបញ្ជូនយន្តហោះដែលផ្ទុកអាវុធទៅកាន់ប្រទេសប៉ាគីស្ថាន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុង អ៊ីស្លាម៉ាបាដ និងទីក្រុងញូវដែលី (New Delhi)។
អគ្គនាយកដ្ឋានទំនាក់ទំនងរបស់រដ្ឋាភិបាល បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ការអះអាងដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលថា ប្រទេសទួរគីបានបញ្ជូនយន្តហោះចំនួន ៥គ្រឿងដែលដឹកអាវុធពេញ ទៅប្រទេសប៉ាគីស្ថាន គឺមិនពិតនោះទេ»។ ក្រុមមន្ត្រីបានបញ្ជាក់ ថា យន្តហោះដឹកជញ្ជូនទួរគីតែមួយ បានចុះចតនៅប្រទេសប៉ាគីស្ថាន ដើម្បីចាក់សាំង មុននឹងបន្តដំណើរតាមផ្លូវ ដែលបានគ្រោងទុក។
ការបដិសេធនេះ បានធ្វើឡើង ខណៈដែលប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បានអំពាវនាវឲ្យមានការអត់ធ្មត់រវាងឥណ្ឌា និងប៉ាគីស្ថាន។ លោក អឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ាថា៖«យើងចង់ឲ្យ ភាពតានតឹងកាន់តែខ្លាំងឡើងរវាងប៉ាគីស្ថាន និងឥណ្ឌា ត្រូវបានកាត់បន្ថយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន មុនពេលវា វិវឌ្ឍន៍ ទៅជាស្ថានភាពធ្ងន់ធ្ងរជាងនេះ»។ «ប្រទេសទួរគី សង្កត់ធ្ងន់នៅគ្រប់ឱកាសដែលយើងមិនចង់បានជម្លោះថ្មី នៅក្នុងតំបន់របស់យើង និងលើសពីនេះទៀត»។
ការអត្ថាធិប្បាយរបស់លោក អឺដូហ្កាន់ បានធ្វើឡើង បន្ទាប់ពីមួយសប្តាហ៍នៃអរិភាពដែលកើនឡើងដោយការវាយប្រហារដ៏សាហាវកាលពីថ្ងៃអង្គារសប្តាហ៍មុន នៅក្នុងតំបន់កាស្មៀរ( Kashmir) ដែលគ្រប់គ្រងដោយឥណ្ឌា ជាកន្លែងដែលក្រុមជនមិនស្គាល់អត្តសញ្ញាណ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់។ នេះបើយោងតាមរបាយការណ៍ព័ត៌មានរបស់ឥណ្ឌា។