ភ្នំពេញ៖ ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយមានជនបរទេសម្នាក់ ដែលអួតអាងតាំងខ្លួនជាអ្នកចេះដឹងផ្នែកច្បាប់កម្រិតជាមេធាវីអន្តរជាតិ តែបែជាមកប្រព្រឹត្តអំពើខុសច្បាប់នៅកម្ពុជា ហើយមកធ្វើការអត្ថាធិប្បាយតាមរយៈវិទ្យុបរទេសផ្សាយជាភាសាខ្មែរមួយដោយបំភ្លើសការពិត និងមានលក្ខណៈនយោបាយជាដើមនោះ។
ការលើកឡើងរបស់ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺបានធ្វើឡើងបន្ទាប់ពីពេលកន្លងទៅថ្មីៗនេះ សារព័ត៌មានបរទេសមួយ ដែលផ្សព្វផ្សាយជាភាសាខ្មែរ និងតែងមានចរិកបំភ្លៃបំផ្លើសផ្ទុយពីការពិតនៅកម្ពុជា បានសរសេរអត្ថាធិប្បាយជាខេមរភាសា ដោយដាក់ចំណងជើងថា«មេធាវីអន្តរជាតិព្រមានថារដ្ឋាភិបាល លោក ហ៊ុន សែន នឹងមានបញ្ហាបើហ៊ានឲ្យកញ្ញា សេង ធារីជាប់ទោស»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមមេធាវីរាជរដ្ឋាភិបាលបាន ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអធិបតេយ្យមួយ ដូចរដ្ឋជាសមាជិកនានារបស់អង្គការសហប្រជាជាតិ ដែលមានរដ្ឋធម្មនុញ្ញ និងច្បាប់របស់ជាតិសំរាប់ អនុវត្តនៅក្នុងដែនបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ហើយពុំមានបុគ្គលណាម្នាក់ តាំងខ្លួនជាអ្នក ច្បាប់អន្តរជាតិ និងអាចធ្វើសកម្មភាពក្នុងដែនយុត្ថាធិការកម្ពុជាបាននោះឡើយ ហើយប្រសិនបើបុគ្គល នោះ ពុំទាន់បានបំពេញលក្ខខណ្ឌដែលតម្រូវដោយច្បាប់នៅកម្ពុជាទេនោះ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបែងចែកអំណាចបីដាច់ដោយឡែកពីគ្នា ក្នុងនោះអំណាចតុលាការ ជាអំណាចឯករាជ្យ។ រាល់សេចក្តីសម្រេចរបស់តុលាការ មិនពាក់ព័ន្ធជាមួយនឹងអំណាចនីតិប្រតិបត្តិ ឬអំណាចនីតិប្បញ្ញាត្តិឡើយ។
សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា«បុគ្គលឈ្មោះ ចារិត គិនស៊ើរ(Jared Genser) ដែលសង្ងំតាំង ខ្លួនហៅថា«មេធាវីអន្តរជាតិ»នោះ បានធ្វើសកម្មភាពទំាងបំពានក្នុងដែនយុត្ថាធិការកម្ពុជា និងបានធ្វើ សេចក្តីអត្ថាធិប្បាយ ដែលមានចរិតនយោបាយ បំពានលើរដ្ឋអធិបតេយ្យមួយ និងមានគោលដៅ គំរាមកំ ហែងដល់ឯករាជ្យភាពរបស់តុលាការកម្ពុជា ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជាព្រមទាំងបំពានបញ្ញាត្តិនៃមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌពី«បទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ»។
បន្ទាប់ពីមើលឃើញអំពីទង្វើរបស់ជនបរទេសរូបនោះ ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល មានការសោកស្តាយបំផុត ក្នុងខណៈដែលមានបុគ្គលបែបនេះបាននិងកំពុងប្រឹងអួតអាងតាំងខ្លួនជាអ្នកចេះដឹង ផ្នែកច្បាប់កម្រិតមេធាវីអន្តរជាតិ តែបែជាបានប្រព្រឹត្តអំពើបំពានច្បាប់នៅកម្ពុជាទៅវិញនោះ៕
អត្ថបទ៖ បាន ចក់





