អាជ្ញាធរអាល់ហ្សេរី បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានរឹបអូសគ្រឿងញៀនអ៊ិកស្តាស៊ីចំនួន ១,៦៥ លាន គ្រាប់ និងបានចាប់ខ្លួនជនសង្ស័យចំនួន ៩នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុង «បណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ដែលប្រតិបត្តិការនៅចន្លោះប្រទេសម៉ារ៉ុក និងបារាំង»។
នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដឹកជញ្ជូនគ្រឿងញៀននេះ ត្រូវបានបង្កប់នៅក្នុងរថយន្តដឹកទំនិញមួយគ្រឿង នៅលើនាវាមួយគ្រឿង មកពីកំពង់ផែ Marseille របស់ប្រទេសបារាំង។
សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋ បានឲ្យដឹងថា គ្រឿងញៀននេះ មានតម្លៃប្រហែល ៤ពាន់លានឌីណា (ជិត ៣០ លានដុល្លារ) ដោយពណ៌នាថាវា ជា «បរិមាណដ៏ច្រើនបំផុតនៃគ្រឿងញៀនប្រភេទនេះ ដែលមិនធ្លាប់រឹបអូសនៅអាហ្វ្រិកពីមុនមកទេ»។

នគរបាល បាននិយាយថា រថយន្តជាច្រើនគ្រឿង និងសាច់ប្រាក់មួយចំនួនធំ ដែលគេជឿថា ជា «ចំណូលពីសកម្មភាពឧក្រិដ្ឋកម្ម» ក៏ត្រូវបានរឹបអូសផងដែរ។
អាជ្ញាធរនៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ មិនបានបញ្ជាក់ថាតើអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ គឺ ជាជនបរទេសឬអត់ទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាល បានឲ្យដឹងថា ជនសង្ស័យត្រូវ បានបញ្ជូនទៅឲ្យរដ្ឋអាជ្ញាក្រោមការចោទប្រកាន់ រួមមាន «ការជួញដូរគ្រឿងញៀនអន្តរជាតិ នៅក្នុងក្រុមឧក្រិដ្ឋជនឆ្លងដែន» និង «ការលាងលុយកខ្វក់»។
