រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា «គ្រប់ទិដ្ឋភាពទាំងអស់» របស់រដ្ឋាភិបាលអាមេរិក គឺទាក់ទងជាមួយប្រទេសចិន ប៉ុន្តែវាគឺអាស្រ័យលើទីក្រុងប៉េកាំង ក្នុងការចាត់វិធានការដំបូង ដើម្បីកាត់បន្ថយជម្លោះពន្ធជាមួយសហរដ្ឋអាមេរិក ដោយសារតែអតុល្យភាពនៃពាណិជ្ជកម្ម រវាងប្រទេសទាំង២។
លោក Bessent បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ CNBC ថា៖ «យើងនឹងចាំមើលថា រឿងនេះនឹងទៅជាយ៉ាងណា។ ដូចដែលខ្ញុំបាននិយាយម្តងហើយម្តងទៀត ខ្ញុំជឿថា វាអាស្រ័យលើប្រទេសចិន ក្នុងការបន្ថយជម្លោះ ពីព្រោះពួកគេលក់ឲ្យយើង ៥ដងច្រើនជាងពួកយើងលក់ឲ្យពួកគេ ដូច្នេះពន្ធ ១២៥ភាគរយទាំងនេះ គឺមិនមាននិរន្តរភាពទេ»។

លោកបានប្រាប់ថា ប្រទេសចិនដែលលើកលែងទំនិញមួយចំនួនពីវិធានការពន្ធ បង្ហាញថា ពួកគេចាប់អារម្មណ៍ក្នុងការបន្ថយភាពតានតឹង ដោយលោកបានបន្ថែមថា លោកមានវិធីសាស្ត្រក្នុងដាក់សម្ពាធ ប្រសិនបើចាំបាច់ តែលោកមិនចង់ប្រើប្រាស់នោះទេ។ លោកបានបន្តថា ការបង្កើនសម្ពាធអាចរួមបញ្ចូល «ការដាក់ទណ្ឌកម្ម» ផងដែរ។
លោក Bessent បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានទុកបញ្ហាប្រទេសចិនមួយឡែកសិន សម្រាប់ពេលនេះ ខណៈដែលខ្លួនស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានា ចន្លោះពី ១៥ ទៅ ១៧ប្រទេសផ្សេងទៀត។ លោកក៏បានប្រាប់ផងដែរថា មន្ត្រីសហរដ្ឋអាមេរិក បានជួបសមភាគីចិន អំឡុងកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដើម្បីជជែកអំពី «ស្ថិរភាពហិរញ្ញវត្ថុ» ប៉ុន្តែមិនបានបង្ហាញនោះឡើយថា តើការពិភាក្សាពាណិជ្ជកម្ម បានកើតឡើងដែរ ឬអត់ អំឡុងពេលនោះ៕
