យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហារលើគោលដៅជាង ៥០កន្លែង នៅទូទាំងប្រទេសលីបង់ ក្នុងរយៈពេលមួយខែកន្លងមកនេះ បើទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកា ដែលបានបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាក៏ដោយ។
កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានវាយប្រហារភាគខាងត្បូងទីក្រុងបេរូត ជាលើកទី៣ ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បានចូលជាធរមាន ដែលជំរុញឲ្យប្រធានាធិបតីលីបង់ លោក Joseph Aoun អំពាវនាវឲ្យអ្នកធានារបស់ខ្លួនគឺបារាំង និងសហរដ្ឋអាមេរិក បង្ខំឲ្យប្រទេសនេះបញ្ឈប់ការវាយលុកជាបន្ទាន់។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងរយៈពេលមួយខែកន្លងទៅនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារទៅលើគោលដៅភេរវកម្មជាង ៥០កន្លែង នៅទូទាំងប្រទេស លីបង់។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ បានកំណត់គោលដៅលើអគារដែលប្រើប្រាស់ដោយក្រុមហេសបូឡា ដើម្បីរក្សាទុកមីស៊ីលវាយប្រហារគោលដៅជាក់លាកដែលមានភាពត្រឹមត្រូវកម្រិតខ្ពស់ និងបានប្តេជ្ញាថា នឹងបញ្ឈប់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ពីការប្រើប្រាស់តំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតជា «ជម្រកសុវត្ថិភាព»។
មេដឹកនាំក្រុមហេសបូឡាលោក Naim Qassem បាននិយាយនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃចន្ទថា ការវាយប្រហារនេះ «ខ្វះការបង្ហាញហេតុផលដែលអាចទទួលបាន» ដោយបានហៅវាថា ជា«ការវាយប្រហារនយោបាយ ក្នុងគោលបំណងផ្លាស់ប្តូរច្បាប់ដោយកម្លាំង»។
