រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ (ទី២៨ ខែមេសា) បាននិយាយថា ដៃគូពាណិជ្ជកម្មធំៗជាច្រើនរបស់សហរដ្ឋអាមេរិក បានលើកឡើងនូវសំណើ «ល្អណាស់» ដើម្បីបញ្ចៀសអត្រាពន្ធរបស់សហរដ្ឋអាមេរិក ហើយមួយក្នុងចំណោមកិច្ចព្រមព្រៀងដំបូងដែលត្រូវបានចុះហត្ថលេខា ទំនងជាជាមួយប្រទេសឥណ្ឌា។

អមដោយការបន្ថែមថា សហរដ្ឋអាមេរិកក៏បានធ្វើការចរចាយ៉ាងប្រាកដប្រជាល្អិតល្អន់ផងដែរ ជាមួយប្រទេសជប៉ុន ហើយការពិភាក្សាជាមួយដៃគូពាណិជ្ជកម្មអាស៊ីផ្សេងទៀត កំពុងដំណើរការទៅយ៉ាងល្អនោះ លោក Bessent បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNBC ថា៖ «ខ្ញុំអាចនឹងហ៊ានប៉ាន់ស្មានថា ឥណ្ឌានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងដែលយើងនឹងចុះហត្ថលេខាជាមួយ»។
លោក Bessent បានបញ្ជាក់ទៅកាន់ទូរទស្សន៍ CNBC ថា៖ «អនុប្រធានាធិបតី លោក Vance បានស្ថិតនៅក្នុងប្រទេសឥណ្ឌា កាលពីសប្តាហ៍មុន ដោយបានពិភាក្សាអំពីវឌ្ឍនភាពយ៉ាងច្រើន។ ខ្ញុំបាននិយាយថា ការចរចាជាមួយកូរ៉េខាងត្បូង បានដំណើរការទៅយ៉ាងល្អ ហើយខ្ញុំគិតថា ពួកយើងមានការចរចាជាច្រើនជាមួយសម្ព័ន្ធមិត្តជប៉ុនរបស់យើង»។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចសម្ភាសទូរទស្សន៍ចំនួន ២ នាពេលព្រឹក លោក Besssent បានប្រាប់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូង អាចនឹងកើតមានក្នុងសប្តាហ៍នេះ ឬបន្ទាប់៕
