ទូរទស្សន៍ Al Masirah បានរាយការណ៍ថា កុមារជាង ៦៥.000នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ចំពេលមានការបិទផ្លូវរបស់អ៊ីស្រាអែលដែលកំពុងបន្ត។
យោងតាមទូរទស្សន៍នេះ បានឲ្យដឹងថា កុមារ និងក្មេងជំទង់ប៉ាឡេស្ទីនសរុបចំនួន ១,១លាននាក់ បានទទួលរងនូវការស្រេកឃ្លានជារៀងរាល់ថ្ងៃ។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) មុននេះ បានចង្អុលទៅស្ថានការណ៍ដ៏អាក្រក់ នៅតំបន់ហ្កាហ្សា បន្ទាប់ពីការហាមប្រាមកាលពីថ្ងៃទី ០២ ខែមីនា ដោយអ៊ីស្រាអែលលើការផ្តល់ជំនួយមនុស្សធម៌។ អគ្គស្នងការ UNRWA លោក Philippe Lazzarini បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«ភាពស្រេកឃ្លាន កំពុងរីករាលដាល និងកាន់តែស៊ីជម្រៅ ដោយចេតនា និងបង្កើតឡើងដោយមនុស្ស។
កាលពីថ្ងៃទី ០២ ខែមីនា អ៊ីស្រាអែលបានផ្អាកការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សាស្ទ្រីប ហើយបានបិទច្រកត្រួតពិនិត្យទាំងអស់ ដោយលើកឡើងពីការបដិសេធរបស់ក្រុមហាម៉ាស ក្នុងការទទួលយកផែនការរបស់បេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។

