យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ ក្រោយប្រជាពលរដ្ឋជាង ១.២០០នាក់ ជម្លៀសខ្លួនចេញពីតំបន់ងាយរងគ្រោះ បានឲ្យដឹងថា ភ្លើងឆេះព្រៃនៅទីក្រុង Daegu របស់កូរ៉េខាងត្បូង ត្រូវពន្លត់បានស្ទើតែទាំងស្រុងនៅថ្ងៃអង្គារនេះ ។
លោកអភិបាលក្រុងស្តីទី Kim Jung-ki និយាយថា ភ្លើងឆេះព្រៃ បានឆាបឆេះដីព្រៃទំហំ ២៦០ហិចតានៅទីក្រុង Daegu មុនពេលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យគ្រប់គ្រងវាបាននៅព្រឹកថ្ងៃអង្គារនេះ ។
គ្មានគ្រោះថ្នាក់ត្រូវបានរាយការណ៍នោះទេមកទល់នឹងពេលនេះ នៅទីក្រុង Daegu ដែលមានចម្ងាយប្រហែល ២៣៣គ.មភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូល ។
សេវាកម្មព្រៃឈើកូរ៉េ និយាយថា ឧទ្ធម្ភាគចក្រ ២៦គ្រឿង និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ២០២នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងភ្លើងឆេះព្រៃ ខណៈដែលផ្លូវល្បឿនលឿន Gyeongbu ត្រូវបានបិទ ។
សូមបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ កូរ៉េខាងត្បូង បានរងគ្រោះដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតពុំធ្លាប់មាននៅក្នុងប្រទេសរបស់ពួកគេ ក្នុងនោះមនុស្សជិត ៣០នាក់ ត្រូវបានសម្លាប់ ហើយវត្តអារាមប្រវត្តិសាស្រ្ត ត្រូវបានបំផ្លាញផងដែរ ៕