សារព័ត៌មានរដ្ឋរាយការណ៍នៅថ្ងៃអង្គារនេះថា គណៈប្រតិភូរបស់ក្រុមមន្រ្តីកូរ៉េខាងជើង បានចាកចេញពីទីក្រុងព្យុងយ៉ាង ដើម្បីធ្វើដំណើរទៅចូលរួមសមាជអន្តរជាតិប្រឆាំងហ្វាស៊ីសលើកទី ៣ នៅប្រទេសរុស្ស៊ី ។
រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ផ្ទៀងផ្ទាត់បាន ឃើញគណៈប្រតិភូដឹកនាំដោយលោក Pak Yong Il ដែលជាអនុប្រធានការិយាល័យនយោបាយទូទៅរបស់កងទ័ពប្រជាជនកូរ៉េ ដោយមានការជូនដំណើរដោយអនុព័ន្ធយោធារុស្ស៊ី និងក្រុមមន្រ្តីយោធាកូរ៉េខាងជើងនៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង កាលពីថ្ងៃចន្ទ ។
ចាប់តាំងពីការបង្កើតសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកកាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ សេដ្ឋកិច្ច កីឡា និងវិស័យផ្សេងៗជាច្រើនទៀត ។
កាលពីថ្ងៃចន្ទ កូរ៉េខាងជើង បានបញ្ជាក់ផងដែរជាលើកដំបូងថា ខ្លួនបានបញ្ជូនទាហានទៅច្បាំងឲ្យរុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន ក្រោមបទបញ្ជាពីលោកមេដឹកនាំ Kim Jong Un ៕