ក្រុមអាជ្ញាធរ និយាយថា មនុស្ស ៤នាក់ រួមទាំងកុមារម្នាក់ ត្រូវបានសម្លាប់ ពេលដែលរថយន្តមួយគ្រឿងបើកបុកជំរំក្រៅម៉ោងសិក្សា ស្ថិតក្នុងភូមិមួយនៅទីក្រុង Chicago សហរដ្ឋអាមេរិក ។
នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា អ្នកស្លាប់ដែលមានអាយុចន្លោះពី ៤ឆ្នាំ ដល់ ១៨ឆ្នាំ ត្រូវបានសម្លាប់ ក្រោយរថយន្តមួយគ្រឿងបើកបុកចំហៀងខាងកើតនៃអគារធ្វើជាជំរំក្រៅម៉ោងសិក្សា YNOT ស្ថិតក្នុងរដ្ឋ Illinois ។
ក្រុមនគរបាល បន្តថា រថយន្តមួយគ្រឿងនេះ បើកបុកមនុស្សជាច្រើននាក់នៅក្រៅអគារ មុនពេលបន្តបើកបុកមនុស្សក្នុងអគារ មុនពេលចេញតាមជញ្ជាំងខាងលិចនៃអគារ ។
ពួកគេបញ្ជាក់ថា មនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកដោយរថយន្តគិលានសង្រ្គោះ ហើយជនរងគ្រោះម្នាក់ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។
យោងតាមការអះអាងរបស់នគរបាល បានឲ្យដឹងថា អ្នកបើកបរ និងជាម្ចាស់រថយន្តទំនងជាគ្មានរងរបួសនោះទេ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាប់ការវាយតម្លៃ ។
គេនៅមិនទាន់ដឹងច្បាស់នោះទេ ថាតើមូលហេតុអ្វីបណ្តាលឲ្យកើតមានការគ្រោះថ្នាក់រថយន្តបែបនេះ ហើយក្រុមអាជ្ញាធរក៏ពុំបានបញ្ជាក់នោះដែរថាតើវាគឺជាឧបទ្ទេវហេតុ ឬមួយមានចេតនា ។
អភិបាលរដ្ឋ Illinois លោក JB Pritzker និយាយថា លោកមានការក្តីរន្ធត់ និងក្រៀមក្រំជាខ្លាំងចំពោះឧបទ្ទេវហេតុមួយនេះ ៕