រដ្ឋមន្ត្រីការបរទេសបារាំង បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃចន្ទ (ទី២៨ ខែមេសា) ថា ប្រទេសបារាំងនឹងមិនគិតច្រើននោះឡើយ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើប្រទេសអ៊ីរ៉ង់ ប្រសិនបើការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះមិនសម្រេចបានទេនោះ។
ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ឬ E3 គឺជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់ ដែលត្រូវផុតកំណត់ក្នុងខែតុលា និងមានសិទ្ធិអំណាចក្នុងការផ្តួចផ្តើមយន្តការរបស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មឡើងវិញ ដែលហៅថា ការអនុវត្តវិធានការទណ្ឌកម្មភ្លាមៗ និងស្វ័យប្រវត្តិ នៅក្រុមប្រឹក្សាសន្តិសុខ។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា៖ «វាគឺច្បាស់ណាស់ថា នៅពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ផុតកំណត់ក្នុងរយៈពេល ២-៣សប្តាហ៍ ប្រសិនបើផលប្រយោជន៍សន្តិសុខអឺរ៉ុបមិនត្រូវបានធានានោះទេ យើងនឹងមិនស្ទាក់ស្ទើរសូម្បីមួយវិនាទី ក្នុងការអនុវត្តឡើងវិញនូវទណ្ឌកម្មទាំងអស់ដែលត្រូវបានដកចេញកាលពី ១០ឆ្នាំមុន»។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែលបានចាកចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ និងបានដាក់ទណ្ឌកម្មឡើងវិញដោយខ្លួនឯង បាននិងកំពុងពិភាក្សាគ្នា លើបញ្ហាជាប់គាំងដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមានទំនុកចិត្តក្នុងការសម្រេចបាននូវកតិកាសញ្ញាថ្មីមួយ ដែលនឹងរារាំងដំណើរផ្លូវរបស់អ៊ីរ៉ង់ ក្នុងការឆ្ពោះទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ បើទោះបីជាអ៊ីរ៉ង់លើកឡើងថា កម្មវិធីរបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពទាំងស្រុងក៏ដោយ៕