រូបភាពវីដេអូឃ្លីបចេញដោយសេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែននៅថ្ងៃអង្គារនេះ ឃើញក្រុមការងារសង្រ្គោះ ជួយអ្នកគ្រោះថ្នាក់ម្នាក់ពីការវាយប្រហារយានដ្រូនរុស្ស៊ី ចេញពីគំនរបាក់បែកអគារនៅតំបន់ភាគកណ្តាល Dnipropetrovsk ។
កងទ័ពអាកាសអ៊ុយក្រែន និយាយថា រុស្ស៊ីវាយប្រហារដោយយានដ្រូន ១០០គ្រឿងកាលពីយប់កន្លងទៅលើប្រទេសអ៊ុយក្រែន ហើយអង្គភាពកងកម្លាំងអាកាសបានបាញ់ទម្លាក់យានដ្រូន ៣៧គ្រឿង ក្នុងចំណោមយានដ្រូនទាំងនោះ ។
សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន និយាយថា យានដ្រូនមួយគ្រឿងធ្លាក់ត្រូវចំអគារពលរដ្ឋនៅស្រុក Samarivskyi ស្ថិតក្នុងតំបន់ Dnipropetrovsk ។ ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា ក្មេងស្រីអាយុ ១២ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។
នៅពុំទាន់មានសេចក្តីអត្ថាធិប្បាយនោះទេពីរុស្ស៊ី ជុំវិញការវាយប្រហារខាងលើ ប៉ុន្តែទីក្រុងម៉ូស្គូ តែងតែច្រានចោលរាល់ការវាយប្រហារលើគោលដៅស៊ីវិលនៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមឡើងជាមួយ ការវាយប្រហារពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីរយៈពេលជាង ៣ឆ្នាំមុន ៕