តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា ខ្លួននឹងសម្រេចនៅថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលអាចកំណត់ថា តើបេក្ខជននាំមុខគេសម្រាប់ការបោះឆ្នោតថ្ងៃទី៣ ខែមិថុនា ដែលជាអតីតមេដឹកនាំគណបក្សប្រឆាំង គឺលោក Lee Jae-myung អាចឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីបានដែរ ឬអត់។
តុលាការកំពូលកំពុងសម្រេចលើបណ្តឹងឧទ្ធរណ៍របស់រដ្ឋអាជ្ញា បន្ទាប់ពីតុលាការជាន់ទាប បានសម្រេចថា លោក Lee មិនមានទោស ក្នុងបទចោទប្រកាន់រំលោភច្បាប់បោះឆ្នោត។ ដំបូងឡើយ រូបលោកត្រូវបានរកឃើញថា មានទោស ហើយលោកបានប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនោះ។
ប្រសិនបើតុលាការកំពូលសម្រេចតម្កល់សាលក្រមនោះ ឬបញ្ជូនត្រលប់ទៅតុលាការជាន់ទាបវិញ នោះលោក Lee ទំនងជាច្បាស់ណាស់ថា អាចចូលរួមឈរឈ្មោះប្រកួតប្រជែង។ តែប្រសិនបើចុងក្រោយ រូបលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ឬពិន័យជាប្រាក់ ១លានវ៉ុន (៦៩៧ដុល្លារ) ឬច្រើនជាងនេះ នោះរូបលោកនឹងត្រូវហាមឃាត់មិនឲ្យឈរឈ្មោះក្នុងតំណែងសាធារណៈយ៉ាងហោចណាស់ក៏ ៥ឆ្នាំដែរ។
នៅពេលត្រូវបានសួរនៅថ្ងៃអង្គារនេះ អំពីកាលបរិច្ឆេទនៃការសម្រេចសេចក្ដី នៅពេលលោកដើរចេញពីតុលាការ ជាកន្លែងដែលរូបលោកកំពុងត្រូវបានកាត់ក្ដី ក្នុងសំណុំរឿងមួយផ្សេងទៀតនោះ លោក Lee បាននិយាយថា ករណីនេះនឹងត្រូវបានដោះស្រាយ «ស្របតាមច្បាប់»។
គួរដឹងថា ការបោះឆ្នោតនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានប្រកាសឡើង បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ទម្លាក់តំណែងដោយសភាដែលដឹកនាំដោយលោក Lee និងត្រូវបានបញ្ចប់តំណែងប្រធានាធិបតី ដោយតុលាការធម្មនុញ្ញ ជុំវិញការប៉ុនប៉ងកាលពីខែធ្នូឆ្នាំមុន ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក៕