នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ជួបជាមួយប្រធានាធិបតី លោក Ferdinand Marcos Jr នៅថ្ងៃអង្គារ (ទី២៩ ខែមេសា) នេះ អំឡុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសហ្វីលីពីន ខណៈដែលសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតទាំង២ របស់ទីក្រុងវ៉ាស៊ីនតោន ប្រឹងប្រែងជំរុញទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ចំពេលមានកើនឡើងនូវភាពតានតឹង នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ដំណើរទស្សនកិច្ចនេះកើតមានឡើងក្នុងពេលវេលាដ៏សំខាន់ ដោយប្រទេសអាស៊ីទាំង២ ត្រូវប្រឈមនឹងកង្វល់កាន់តែខ្លាំងឡើងៗ ជុំវិញសកម្មភាពរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងសន្តិសុខក្នុងតំបន់ដ៏ទូលំទូលាយ ខណៈពេលដែលក៏ត្រូវដោះស្រាយផងដែរ ចំពោះភាពតានតឹងពាណិជ្ជកម្មសកលដែលបង្កឡើងដោយអត្រាពន្ធដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក។
លោក Ishiba បានទៅដល់វិមានប្រធានាធិបតី ក្នុងទីក្រុងម៉ានីល នាពេលរសៀល មុនកិច្ចប្រជុំ ហើយត្រូវបានស្វាគមន៍ដោយរបងកិត្តិយស និងសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោក Marcos។
លោក Marcos និងលោក Ishiba ត្រូវបានគេរំពឹងថា នឹងលើកកម្ពស់ទំនាក់ទំនងផ្នែកការពារជាតិ និងសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅ ក្រោម «ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ» របស់ប្រទេសទាំង២ ដោយកិច្ចពិភាក្សាផ្តោតលើជំនួយសន្តិសុខរបស់ប្រទេសជប៉ុន ចំពោះទីក្រុងម៉ានីល និងកិច្ចព្រមព្រៀងយោធាដ៏សំខាន់មួយដែលអនុញ្ញាតឲ្យដាក់ពង្រាយកងកម្លាំង នៅលើដែនដីរបស់គ្នាទៅវិញទៅមក៕