នៅថ្ងៃអង្គារនេះ សាកសពជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis ជាទីដែលក្រុមអ្នកកាន់ទុក្ខជួបជុំគ្នា ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។
កិច្ចចរចារៀបចំឡើងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីឈានដល់បទឈប់បាញ់ ជិតរកឃើញច្រកចេញហើយ ។ នេះបើយោងតាមប្រភពសន្តិសុខចំនួន ២របស់អេហ្ស៊ីប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ ។
នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ លោក Barak Ravid គឺជាអ្នកធ្វើសេចក្តីរាយការណ៍របស់កាសែត Axios បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា មន្រ្តីមួយរូបរបស់អ៊ីស្រាអែល បានច្រានចោលចំពោះការទម្លុះភាពទាល់ច្រករាយការណ៍ខាងលើ ដោយរូបលោកពុំបានផ្តល់សេចក្តីលម្អិតបន្ថែមនោះទេ ។
អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការសឹកឡើងវិញនៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី ១៨ ខែមីនា ក្រោយបទឈប់បាញ់កាលពីខែមករាដួលរលំ ដោយពួកគេនិយាយថា ពួកគេនឹងបន្តដាក់សម្ពាធលើក្រុមហាម៉ាស រហូតដល់ក្រុមជីវពលមួយនេះ ដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ។ ចំណាប់ថ្នូរ ២៤នាក់ ត្រូវបានគេជឿថា នៅរស់ ។
សូមបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥២.០០០នាក់ ៕