ក្រុមឧតុនិយមរបស់ទីភ្នាក់ងារអាកាសធាតុ AccuWeather បានព្រមានថា ព្យុះ និងផ្គររន្ទះដ៏គ្រោះថ្នាក់ បំផ្លិចបំផ្លាញ និងរំខាន នឹងបន្តកើតមានឡើង ហើយប៉ះពាល់ដល់ផ្នែកខ្លះនៃភាគកណ្តាល និងភាគខាងកើតរបស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ មុនពេលចាប់ផ្តើមវាយលុកឡើងវិញទៅផ្នែកកណ្ដាលនៃតំបន់ភាគខាងត្បូង នៅចុងសប្តាហ៍ ហើយប្រព័ន្ធអាកាសធាតុដ៏ក្រក់បែបនេះទាំងមូលនឹងកើតឡើងដដែលៗជាថ្មីម្តងទៀត។

នៅពេលដែលខ្យល់ព្យុះដ៏ខ្លាំងក្លានេះឆ្លងកាត់ផ្លូវហាយវេធំៗ នោះនឹងមានភ្លៀងធ្លាក់ខ្លាំងដែលបង្កគ្រោះថ្នាក់ដល់អ្នកបើកបរតាមដងផ្លូវ។ ដូចគ្នានេះដែរ នៅពេលព្យុះខិតទៅជិតអាកាសយានដ្ឋាន នោះអាចបណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរ មកពីខ្យល់បក់បោកដ៏គ្រោះថ្នាក់។

ខ្យល់ព្យុះខ្លាំងបំផុត អាចនាំមកនូវសំណុំទឹកកកធ្លាក់ ដែលមានទំហំធំល្មមធ្វើឱ្យខូចខាតយានយន្ត ហើយខ្យល់បក់ខ្លាំងអាចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនរាប់លាននាក់ ផ្ដួលរំលំដើមឈើ និងបង្កឱ្យដាច់ចរន្តអគ្គិសនី ខណៈព្យុះកម្លាំងខ្លាំងបែបនេះ ក៏អាចបង្កជាផ្លេកបន្ទោរដ៏គ្រោះថ្នាក់ដោយមិនអាចដឹងជាមុនបានផងដែរ។

នៅពាក់កណ្តាលសប្តាហ៍ ការគំរាមកំហែងចម្បងនៃអាកាសធាតុធ្ងន់ធ្ងរនៅអាមេរិក នឹងផ្តោតទៅលើវាលទំនាបភាគខាងត្បូង ជាមួយនឹងផ្នែកភាគឦសានទៅកាន់ជ្រលងភ្នំ Ohio ដោយទឹកជំនន់យ៉ាងគំហុកដ៏គ្រោះថ្នាក់បំផុតក៏ត្រូវបានរំពឹងទុក ហើយអាជ្ញាធរព្រមានពលរដ្ឋឱ្យរក្សាការប្រុងប្រយ័ត្ន៕