ប្រធានាធិបតីអាមេរិក លោក Donald Trump បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតសកលរបស់ប្រទេសនេះ ហើយលោកទាំងពីរបានព្រមព្រៀងជួបគ្នានាពេលឆាប់ៗខាងមុខ។

ប្រទេសទាំងពីរត្រូវគេរំពឹងថានឹងដើរចូលទៅក្នុងកិច្ចពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខថ្មីមួយ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
ការដំឡើងពន្ធពាណិជ្ជកម្មរបស់លោក Trump និងការអត្ថាធិប្បាយម្តងហើយម្តងទៀតដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកាណាដា បានគ្របដណ្តប់លើការប្រកួតប្រជែងមេដឹកនាំ ដែលបានបញ្ចប់ដោយគណបក្សសេរីនិយមរបស់លោក Carney ទទួលបានជ័យជម្នះ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CBC ។

លទ្ធផលនោះនឹងធ្វើឱ្យកិច្ចការសំខាន់របស់លោក Carney ក្នុងការចរចាជាមួយសមភាគីអាមេរិករបស់លោក និងដោះស្រាយបញ្ហាក្នុងស្រុកជាច្រើនប្រឈមកាន់តែខ្លាំង ស្របពេលរូបលោកនឹងត្រូវការការគាំទ្រពីគណបក្សនយោបាយផ្សេងទៀត។
ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីការបោះឆ្នោតមក លោក Trump បានអបអរសាទរលោក Carney ចំពោះជ័យជម្នះនោះ នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
ការិយាល័យខាងលើក៏បាននិយាយផងដែរថា មេដឹកនាំទាំងពីរបានយល់ព្រមលើសារៈសំខាន់នៃប្រទេសកាណាដា និងសហរដ្ឋអាមេរិកដែលនឹងត្រូវធ្វើការជាមួយគ្នា ក្នុងនាមជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព សម្រាប់ការធ្វើឱ្យប្រសើរឡើងទៅវិញទៅមករវាងប្រទេសទាំងពីរ៕