ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃអង្គារ (២៩ មេសា) ថា ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានធ្វើប្រតិបត្តិការឆ្មក់ឆែកឆេរនៅឯនិវេសនដ្ឋានឯកជនរបស់លោកអតីតប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីតំណែងនៅថ្ងៃទី០៤ ខែមេសា ជុំវិញការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំមុន។

Yonhap និយាយថា រដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេតសំណុំរឿង “ប្រើឥទ្ធិពលដើម្បីទទួលបានប្រយោជន៍ពាក់ព័ន្ធនឹងឥស្សរជនសាសនា” បានចុះទៅស្វែងរកឯកសារ និងសម្ភារៈដែលអាចបង្ហាញពីទំនាក់ទំនងរបស់ឥស្សរជនទាំងនោះជាមួយអតីតប្រធានាធិបតី និងភរិយារបស់លោក។ គេមិនច្បាស់ទេថា តើអ្នកស៊ើបអង្កេតបានចូលទៅក្នុងបរិវេណអគារលំនៅឋាននោះដោយជោគជ័យឬយ៉ាងណា។

គួរឱ្យដឹងថា បន្ទាប់ពីការចោទប្រកាន់ទម្លាក់តំណែងពីសភានៅថ្ងៃទី១៤ ខែធ្នូ លោក Yoon បានប្រឆាំងនឹងការប៉ុនប៉ងរបស់អ្នកស៊ើបអង្កេតដើម្បីឆែកឆេរនិវេសនដ្ឋានប្រធានាធិបតីផ្លូវការ ដោយលើកឡើងពីហេតុផលសុវត្ថិភាព និងការការពារឯកសារសម្ងាត់។ ក្រោយត្រូវដកតំណែង លោកក៏បានផ្លាស់ទៅស្នាក់នៅឯនិវេសនដ្ឋានផ្ទាល់ខ្លួនវិញកាលពីថ្ងៃទី១១ មេសា៕