ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធ ទី៣០ ខែមេសាសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើង នៅដើមសប្តាហ៍នេះ បានបាញ់សាកល្បងប្រព័ន្ធសព្វាវុធលើកដំបូងនៃនាវាចម្បាំង Choe Hyon ដែលខ្លួនទើបតែបានបង្ហាញនាពេលថ្មីៗនេះ។

របាយការណ៍បាននិយាយថានាវានិងមីស៊ីលប្រឆាំងដែនអាកាសត្រូវបានបង្ហាញនិងបាញ់បង្ហោះ ហើយកាំភ្លើងធំជាផ្នែកមួយនៃការបាញ់សាកល្បងដែលចូលរួមដោយមេដឹកនាំ លោក គីម ជុងអ៊ុន (KimJong Un) និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃ៣០មេសានេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបញ្ជាឱ្យចាត់វិធានការដើម្បីពន្លឿនការបំពាក់លើនាវាកងទ័ពជើងទឹកដោយអាវុធនុយក្លេអ៊ែរ។
លោក Kim ត្រូវបានដកស្រង់សម្តីថា ដល់ពេលហើយសម្រាប់កងទ័ពជើងទឹករបស់កូរ៉េខាងជើង ក្នុងការជ្រើសរើសបង្កើនល្បឿនអាវុធនុយក្លេអ៊ែរ សម្រាប់ការពារអធិបតេយ្យភាពដែនសមុទ្រ និងជាប្រយោជន៍ដល់វិស័យការពារជាតិ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ បានបង្ហាញពីនាវាចម្បាំងទម្ងន់ ៥.០០០ តោនដែលបំពាក់ដោយអាវុធដ៏មានឥទ្ធិពលបំផុត។
លោក Kim នៅក្នុងសុន្ទរកថាមួយពីការបាញ់អាវុធ ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន KCNA បាននិយាយថា នាវាចម្បាំងនោះ នឹងត្រូវប្រគល់ឱ្យកងទ័ពជើងទឹក ហើយនឹងចូលបម្រើការនៅដើមឆ្នាំក្រោយ។
យោងតាម KCNA បានឱ្យដឹងថានាវា Choe Hyon ត្រូវបានគេដាក់ឈ្មោះតាមអ្នកប្រយុទ្ធបដិវត្តន៍ប្រឆាំងជប៉ុនលោក Choe Hyon ៕