រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស BRICS នៃប្រទេសកំពុងអភិវឌ្ឍន៍ ពុំបានឈានដល់សេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃអង្គារ ទី២៩ ខែមេសា នោះទេ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Rio de Janeiro ប៉ុន្តែ ប្រទេសប្រេស៊ីលដែលជាប្រធាន បានចេញសេចក្តីថ្លែងការណ៍មួយប្រឆាំងការគាំពារនិយមពាណិជ្ជកម្ម។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ប្រទេសប្រេស៊ីល បាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ក្រុមនេះ បានបង្ហាញ «ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទស្សនវិស័យនៃសេដ្ឋកិច្ចពិភពលោកដែលខ្វែងគំនិតគ្នា និងការចុះខ្សោយពហុភាគីនិយម»។

សហរដ្ឋអាមេរិក បានអនុវត្តគោលនយោបាយពាណិជ្ជកម្មដែលផ្តោតលើការដំឡើងពន្ធថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដោយបង្កើនការព្រួយបារម្ភអំពីសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ ទោះបីជាសេចក្តីថ្លែងការណ៍នេះ ពុំបានដាក់ឈ្មោះសហរដ្ឋអាមេរិកក៏ដោយ។
ក្រុមប្រទេស BRICS ដែលត្រូវបានពង្រីក រួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ព្រមទាំងសមាជិកចូលរួមថ្មីមានអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អេត្យូពី ឥណ្ឌូណេស៊ី និងអ៊ីរ៉ង់ ដែលត្រូវប្រឈមនឹងបញ្ហាជាច្រើនពីចំណាត់ការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីទំនាក់ទំនងការបរទេសប្រេស៊ីល លោក Mauro Vieira បាននិយាយថា រដ្ឋមន្ត្រីក្រុមប្រទេស BRICS បានឈានដល់ការឯកភាពគ្នាលើបញ្ហាដំឡើងពន្ធ ដោយនិយាយថាវាអាចត្រូវបានគេមើលឃើញនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយប្រទេសអាមេរិកខាងត្បូង។ លោកបាននិយាយបន្ថែមថា ប្រទេសនានា កំពុងធ្វើការដើម្បីឲ្យមានសេចក្តីថ្លែងការណ៍រួមចុងក្រោយនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា ក្នុងទីក្រុង Rio de Janeiro នេះផងដែរ។