មនុស្សរាប់រយនាក់ បានចេញតវ៉ាកាលពីថ្ងៃអង្គារ ទី២៩ ខែមេសា ប្រឆាំងមេដឹកនាំតំបន់ស្វយ័តវ៉ាឡេនសៀ(Valencia) លោក Carlos Mazon រយៈពេល៦ខែបន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយដែលបានបណ្តាលឲ្យមនុស្សជាង២០០នាក់ស្លាប់ ខណៈសមាជរបស់គណបក្សប្រជាជនអឺរ៉ុប ធ្វើឡើងនៅក្នុងទីក្រុងនោះ។

ក្រុមអ្នកតវ៉ា បាននិយាយថា ពួកគេគិតថា វាជាការអាម៉ាស់សម្រាប់គណបក្សប្រជាជនអឺរ៉ុប(EPP) ក្នុងការធ្វើសមាជនៅទីនោះ បន្ទាប់ពីជាច្រើនខែដ៏លំបាកដែលតំបន់ទាំងមូលបានរស់នៅក្រោយគ្រោះមហន្តរាយធម្មជាតិ។

ជារៀងរាល់ខែ ក្រុមអ្នកតវ៉ា បានជំរុញឱ្យលោក Mazon លាលែងពីតំណែងក្នុងគណបក្សប្រជាជនអេស្ប៉ាញ ដោយមានការតវ៉ាទ្រង់ទ្រាយធំ។
សមាជរបស់គណបក្សប្រជាជនអឺរ៉ុប(EPP) ប្រព្រឹត្តទៅមួយថ្ងៃបន្ទាប់ពីប្រទេសអេស្បាញ ទទួលរងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ដែលបានអូសបន្លាយរយៈពេលជាច្រើនម៉ោង និងបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងនៅទូទាំងប្រទេស ព្រមទាំងនៅក្នុងប្រទេសព័រទុយហ្គាល់។
ថាមពលអគ្គិសនី ត្រូវបានស្តារឡើងវិញជាបណ្តើរៗភាគច្រើន នៅក្នុងប្រទេសទាំងពីរ។