នគរបាលស៊ុយអែត និយាយថា មនុស្ស ៣នាក់ បានស្លាប់ក្នុងការបាញ់ប្រហារមួយនៅទីក្រុង Uppsala កាលពីថ្ងៃអង្គារ (២៩ មេសា) ហើយការស៊ើបអង្កេតឃាតកម្មត្រូវបានបើក ខណៈមិនមានព័ត៌មានដែលអាចបង្ហាញថាឧបទ្ទវហេតុនេះជាអំពើភេរវកម្ម ឬឧក្រិដ្ឋកម្មស្អប់ខ្ពើមឡើយនៅពេលនេះ។
អ្នកនាំពាក្យនគរបាលបានប្រាប់សារព័ត៌មានរ៉យទ័រថា "មន្រ្តីទទួលបានដំណឹងថា មនុស្សម្នាក់បានជិះម៉ូតូអគ្គិសនីខ្នាតតូចគេចខ្លួនពីកន្លែងកើតហេតុ ប៉ុន្តែមិនទាន់ដឹងច្បាស់ទេថា តើជននោះជាជនល្មើស ឬជាសាក្សី ឬក៏ជាអ្នកដែលមានទំនាក់ទំនងជាមួយឧបទ្ទវហេតុនោះ"។
សាក្សីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ SVT ថាពួកគេបានឮសំឡេងបាញ់ប្រហារចំនួន ៥លើក ហើយបានឃើញមនុស្សម្នាក្នុងតំបន់នោះរត់គេចពីគ្រាប់កាំភ្លើង។ ប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតជាច្រើន បានរាយការណ៍ថា ការបាញ់ប្រហារកើតឡើងនៅជិត ឬក្នុងហាងកាត់សក់មួយកន្លែងកណ្ដាលក្រុង Uppsala។
នគរបាលលើកឡើងថា ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏បានបដិសេធមិនសន្និដ្ឋានពីមូលហេតុនៃការបាញ់សម្លាប់នេះដែរ។ ក្រុង Uppsala ចម្ងាយប្រហែល ៤០នាទីពីភាគខាងជើងនៃរដ្ឋធានី Stockholm បានមើលឃើញការបាញ់ប្រហារទាក់ទងនឹងក្រុមជនអន្ធពាលជាច្រើនក្នុងទសវត្សរ៍កន្លងមក ប៉ុន្តែជាធម្មតាកើតមាននៅខាងក្រៅតំបន់កណ្តាលក្រុងប៉ុណ្ណោះ៕