អាមេរិក៖ ក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចចរចានុយក្លេអ៊ែរដោយប្រយោល ជាមួយអ៊ីរ៉ង់នៅទីក្រុងវីយែន ប្រទេសអូទ្រីស ដោយនិយាយថា រដ្ឋបាលលោក Biden កំពុងផ្តល់ "ឱកាសការទូតមួយផ្សេងទៀត" ដល់អ៊ីរ៉ង់ បន្ទាប់ពីមានការរីកចម្រើនតិចតួចក្នុងការពិភាក្សាកាលពីសប្តាហ៍មុន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា បេសកជនពិសេសរបស់រដ្ឋបាលលោក Biden ទទួលបន្ទុកបញ្ហានៅប្រទេសអ៊ីរ៉ង់លោក Robert Malley និងគណៈប្រតិភូរបស់លោកគ្រោងនឹងចូលរួមកិច្ចពិភាក្សានៅចុងសប្តាហ៍នេះ។ អ្នកការទូតជាន់ខ្ពស់អឺរ៉ុបលោក Enrique Mora បានបញ្ជាក់នៅមុនថ្ងៃដែលការចរចានឹងបន្តនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចចរចាលើកទី៧ ត្រូវបានផ្អាកកាលពីថ្ងៃសុក្រកន្លង។
ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុបបានចោទសួរពីឆន្ទៈរបស់អ៊ីរ៉ង់ក្នុងការស្តារឡើងវិញ នូវកតិកាសញ្ញាដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) បន្ទាប់ពីការចរចាកាលពីសប្តាហ៍មុនជាលើកដំបូង ក្រោមការដឹកនាំរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi។ លោក Price បាននិយាយថា ការចរចាត្រូវបានផ្អាកកាលពីថ្ងៃសុក្រ តិចជាងមួយសប្តាហ៍បន្ទាប់ពីពួកគេបានចាប់ផ្តើមព្រោះវាច្បាស់ណាស់ថា អ៊ីរ៉ង់មិនបានមកជាមួយនូវគោលបំណងច្បាស់លាស់។ ប៉ុន្តែលោកបានបន្ថែមថា ការស្ដារកិច្ចព្រមព្រៀងឡើងវិញនេះនៅតែជាជម្រើសដែលអាចសម្រេចបាន៕
អត្ថបទ៖ សុខមាន