អាណត្តិប្រធានាធិបតីអាមេរិកលើកទីពីររបស់លោក Donald Trump ត្រូវគេដឹងថានឹងមានភាពច្របូកច្របល់ និងការខ្វែងគំនិតគ្នា ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចដឹងជាមុនពីទំហំនៃភាពរំខានដ៏ធំ ដែលលោកបានបញ្ចេញក្នុងពេលត្រឹមតែ ១០០ថ្ងៃប៉ុណ្ណោះនៃតំណែង ជាពិសេសរលកពន្ធដ៏កក្រើក ដែលនាំឱ្យវិបត្តិសេដ្ឋកិច្ចកាន់តែកៀក។

ខណៈកាសន្យា "យុគសម័យមាស" នៃភាពរុងរឿងដល់សាធារណៈជនអាមេរិកមិនទាន់សម្រេចបាន គោលនយោបាយរបស់ Trump បែរជាបង្កើតភាពមិនប្រាកដប្រជាខ្លាំងក្នុងចំណោមអាជីវកម្ម និងអ្នកប្រើប្រាស់អាមេរិក ជាមួយនឹងផលប៉ះពាល់នៃពន្ធដែលមិនធ្លាប់មានលើទំនិញនាំចូល។ ផលជះដ៏អាក្រក់បំផុតគឺទៅលើពលរដ្ឋអាមេរិក ដែលទិញទំនិញផលិតនៅចិន ខណៈឥឡូវនេះ ទីក្រុងប៉េកាំង ប្រឈមនឹងពន្ធនាំចូល ១៤៥%។
មនុស្សជាច្រើនធ្លាប់ព្យាករថា ផ្សារភាគហ៊ុននឹងហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្រោមអាណត្តិទី២របស់លោក Trump ហើយថាការគាំទ្ររបស់លោកសម្រាប់រូបិយប័ណ្ណគ្រីបតូ នឹងជំរុញរលកថ្មីនៃការទិញកាក់អនឡាញ Bitcoin ប៉ុន្តែផ្ទុយមកវិញ គោលនយោបាយពន្ធមិនទៀងទាត់របស់លោក បានធ្វើឱ្យវិនិយោគិនភៀសខ្លួនចេញពីជម្រកទីផ្សារអាមេរិកដែលធ្លាប់តែសុវត្ថិភាព។ ក្នុងពេលមួយខែកន្លងទៅ ផ្សារហិរញ្ញវត្ថុរង្គោះរង្គើ ប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ ហើយការអនុវត្តជាច្រើនទស្សវត្សនៃពាណិជ្ជកម្មសកលត្រូវប្រែប្រួលជាមួយនឹងពន្ធសកលដ៏ខ្ពស់របស់លោក Trump ទោះជាត្រូវផ្អាកក៏ដោយ។
ជំនួសឱ្យ "ទ្រព្យហូរហៀរសម្រាប់អាមេរិក" ដែលលោក Trump បានសន្យា ពេលនេះក្ដីបារម្ភកើនឡើងខ្លាំងពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចទាំងអាមេរិក និងពិភពលោក។ ប្រហែលពាក់កណ្តាលនៃសេដ្ឋវិទូដែលស្ទង់មតិដោយសមាគមជាតិនៃសេដ្ឋកិច្ចពាណិជ្ជកម្ម (NABE) បានប៉ាន់ប្រមាណនូវលទ្ធភាព ២៥ទៅ៤៩% នៃឱនភាពសេដ្ឋកិច្ចអាមេរិក នៅឆ្នាំ២០២៥នេះ ខណៈសេដ្ឋវិទូជិត ២ ភាគ ៣ ដែលស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ព្រមានពីលទ្ធភាព "ខ្ពស់" ឬ "ខ្ពស់ខ្លាំង" នៃការធ្លាក់ចុះជាសកល៕