សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ (៣០ មេសា) នេះដោយសម្អាងដល់ទីភ្នាក់ងារចារកម្មថា ទាហានកូរ៉េខាងជើង ប្រហែល ៦០០នាក់ ត្រូវបានសម្លាប់បន្ថែមទៀតក្នុងការប្រយុទ្ធគាំទ្ររុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ក្នុងចំណោមការដាក់ពង្រាយសរុបចំនួន ១៥.០០០នាក់។

ក្រុមសមាជិកសភានិយាយថា កូរ៉េខាងជើងមានអ្នកស្លាប់ និងរបួសសរុបប្រមាណ ៤.៧០០នាក់ មកទល់ពេលនេះ ទោះបីជាកងទ័ពរបស់ខ្លួនបានបង្ហាញសញ្ញាប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធក្នុងរយៈពេលប្រហែល ៦ខែដោ យប្រើអាវុធទំនើបដូចជាយានដ្រូនក៏ដោយ។

ទីក្រុងព្យុងយ៉ាង កាលពីដើមសប្តាហ៍នេះ បានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានបញ្ជូនកងទ័ពទៅប្រយុទ្ធគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមនៅអ៊ុយក្រែន ក្រោមការបញ្ជាពីមេដឹកនាំ គីម ជុងអ៊ុន ហើយថា ខ្លួនបានជួយដណ្ដើមទឹកដីរុស្ស៊ី ដែលកាន់កាប់ដោយអ៊ុយក្រែន មកវិញ។

ការដាក់ពង្រាយទ័ពរាប់ពាន់នាក់ដែលមិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើង ក៏ដូចជាការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលដ៏ច្រើនសន្ធឹកសន្ធាប់ បានផ្តល់ឱ្យរុស្ស៊ី នូវការមានប្រៀបក្នុងសមរភូមិដ៏សំខាន់នៅតំបន់ Kursk ភាគខាងលិច ហើយបាននាំឱ្យប្រទេសឯកោខាងសេដ្ឋកិច្ច និងនយោបាយទាំងពីរ កាន់តែជិតស្និទ្ធគ្នា៕