ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា ប្រទេសចិនសមនឹងជួបប្រទះកម្រិតពន្ធដ៏ធ្ងន់ធ្ងរ ដែលរូបលោកបានដាក់លើការនាំចេញរបស់ប្រទេសនេះ ហើយបានរំពឹងថា ទីក្រុងប៉េកាំងអាចស្វែងរកវិធី ដើម្បីកាត់បន្ថយផលប៉ះពាល់របស់ខ្លួនលើអ្នកប្រើប្រាស់អាមេរិក។
កាលពីថ្ងៃអង្គារ (ទី២៩ ខែមេសា) នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ABC News លោក Trump បាននិយាយថា៖ «អ្នកមិនដឹងទេថា តើប្រទេសចិននឹងសុខចិត្តទទួលយក ឬអត់នោះ។ ប្រទេសចិនប្រហែលជានឹងសុខចិត្តទទួលយក»។

លោកបានបន្ថែមថា៖ «ចិនរកបាន ១សែនកោដិដុល្លា ក្នុងមួយឆ្នាំ។ ពួកគេទទួលបានផលចំណេញលើពួកយើង ច្រើនជាងប្រទេសណាៗទាំងអស់។ ស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោកកំពុងកេងចំណេញលើយើង។ ពួកគេមិនធ្វើបែបនោះទៀតទេ»។
លោក Trump បានបញ្ជាក់ថា លោកមិនជឿថា ពេលវេលាដ៏លំបាកកំពុងរង់ចាំនៅខាងមុខ សម្រាប់អ្នកប្រើប្រាស់អាមេរិកនោះទេ ខណៈពេលដែលទទួលស្គាល់ថា អត្រាពន្ធ ១៤៥ភាគរយរបស់លោក លើទំនិញចិនជាច្រើន សឹងតែស្មើនឹងការចេញការហាមឃាត់។ លោក Trump បាននិយាយថា៖ «នោះជាការល្អ។ «ពួកគេសមនឹងទទួលបានកម្រិតពន្ធនេះ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Trump ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋបាលរបស់លោក បានផ្តល់សញ្ញាថា ខ្លួនកំពុងសម្លឹងដល់ការជួសជុលទំនាក់ទំនងពាណិជ្ជកម្មដែលខូចជាមួយទីក្រុងប៉េកាំង និងបញ្ចុះបញ្ចូលមន្ត្រីចិនឲ្យចូលក្នុងការចរចាពាណិជ្ជកម្ម។ ការលើកឡើងនេះក៏កើតមានផងដែរ នៅពេលដែលផលប៉ះពាល់ដំបូងលើអ្នកប្រើប្រាស់អាមេរិក ដោយសារវិធានការពន្ធ ចាប់ផ្តើមលេចឡើង។
យ៉ាងណាក្ដី ទោះបីជាសហរដ្ឋអាមេរិក បានលើកឡើងម្តងហើយម្តងទៀតថា ចិននឹងត្រូវបង្ខំឲ្យចូលតុចរចាក៏ដោយ ក៏កិច្ចពិភាក្សាមិនបានចាប់ផ្តើមនោះឡើយ៕
