អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការស្លាប់ និងការបាត់ខ្លួនមនុស្សជាង ៧២.000នាក់ ត្រូវបានចងក្រងជាឯកសារតាមផ្លូវធ្វើដំណើរ នៅជុំវិញពិភពលោក ក្នុងមួយទសវត្សរ៍កន្លងមក ដែលភាគច្រើនក្នុងចំណោមពួកគេ នៅក្នុងប្រទេសរងផលប៉ះពាល់ដោយវិបត្តិ។

កាលពីឆ្នាំមុន បានឃើញចំនួនអ្នកស្លាប់ជនអន្តោប្រវេសន៍ខ្ពស់បំផុត ក្នុងកំណត់ត្រា ដោយយ៉ាងហោចណាស់មនុស្ស ៨.៩៣៨នាក់ បានស្លាប់នៅតាមផ្លូវធ្វើដំណើរ។ នេះបើយោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)
ប្រធានអង្គការ IOM លោកស្រី Amy Pope បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ចំនួនទាំងនេះ គឺជាការបង្ហាញពីសោកនាដកម្ម ដែលមនុស្សប្រថុយជីវិតរបស់ពួកគេ នៅពេលដែលអសន្តិសុខ កង្វះឱកាស និងសម្ពាធផ្សេងទៀត ធ្វើឲ្យពួកគេគ្មានជម្រើសសុវត្ថិភាព ឬអាចសម្រេចបាន នៅក្នុងប្រទេសកំណើតរបស់ពួកគេ»។
របាយការណ៍របស់ទីភ្នាក់ងារUNរបស់លោកស្រី បានរកឃើញថា ជិតបីភាគបួននៃការស្លាប់ និងការបាត់ខ្លួនរបស់ជនអន្តោប្រវេសន៍ទាំងអស់ ដែលត្រូវបានកត់ត្រាទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ២០១៤ បានកើតឡើង នៅពេលដែលមនុស្សបានភៀសខ្លួនចេញពីអសន្តិសុខ ជម្លោះ គ្រោះមហន្តរាយ និងវិបត្តិមនុស្សធម៌ផ្សេងៗទៀត។
