អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃអង្គារបានជំរុញប្រទេសនានាឲ្យ«ចាត់វិធានការដែលមិនអាចកែប្រែបានចំពោះការអនុវត្តដំណោះស្រាយរដ្ឋពីរ» រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅមុនសន្និសីទអន្តរជាតិមួយ នៅខែមិថុនា។
លោក ហ្គុយតឺរេស បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីមជ្ឈិមបូព៌ាថា៖«ខ្ញុំលើកទឹកចិត្តឲ្យរដ្ឋសមាជិកទាំងអស់ធ្វើការបន្ថែមទៀត ហើយឲ្យគិតប្រកបដោយភាពច្នៃប្រឌិតអំពីជំហានជាក់ស្តែង ដែលពួកគេនឹងធ្វើ ដើម្បីគាំទ្រដំណោះស្រាយរដ្ឋពីរដែលអាចសម្រេចបាន ដើម្បីកុំឲ្យបាត់បង់ឱកាស »។

ប្រទេសបារាំង និងអារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើជាសហម្ចាស់ផ្ទះសន្និសីទ នៅអង្គការសហប្រជាជាតិ នៅខែ មិថុនា។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖«គោលបំណងរបស់យើង គឺច្បាស់លាស់៖ ធ្វើឲ្យមានវឌ្ឍនភាពលើការទទួលស្គាល់ប៉ាឡេស្ទីន និងការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល ក្នុងពេលតែមួយ»។
លោកបាននិយាយថា៖«នេះគឺជារបៀបដែលយើងនឹងអាចធានាសន្តិសុខរបស់អ៊ីស្រាអែល និងសមាហ រណកម្ម ក្នុងតំបន់របស់ខ្លួន ខណៈពេលដែលឆ្លើយតបទៅនឹងសេចក្តីប្រាថ្នាស្របច្បាប់របស់ប៉ាឡេស្ទីន ក្នុងការមានរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ»។
